ជម្លោះហ្គាហ្សា៖ ការចរចាបទឈប់បាញ់បានផ្លាស់ទីទៅកាន់ទីក្រុងដូហា
(VOVWORLD) - អាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែសីហា បានឲ្យដឹងថា ទីតាំងសម្រាប់ការចរចាបទឈប់បាញនៅតំបន់ហ្គាហ្សា នឹងត្រូវបានផ្លាស់ទីទៅកាន់ទីក្រុង ហូហា ប្រទេសកាតា ជំនួសឱ្យការបន្តនៅទីក្រុងគែររបស់អេហ្ស៊ីប។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល មន្ត្រីអាមេរិកមួយរូបបានអះអាងថា ការចរចាបន្ថែមទៀតលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងត្រូវបានផ្លាស់ទីទៅកាន់ទីក្រុងដូហា ជំនួសឱ្យការបន្តនៅទីក្រុងគែរ បន្ទាប់ពីកិច្ចពិភាក្សាដ៏តឹងតែងជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពព័ត៌មានមួយបាននិយាយថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Brett McGurk បានមកដល់ប្រទេសឈូងសមុទ្រ ដើម្បីចូលរួមក្នុងការចរចាថ្មី។ ក្នុងពេលនោះ ប្រភពព័ត៌មានមួយចំនួនរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃទី ២៧ សីហា បានឲ្យដឹងថា គណៈប្រតិភូចរចារបស់ប្រទេសនេះកំពុងត្រៀមចេញដំណើរទៅកាន់ទីក្រុងដូហា ដើម្បីចូលរួមកិច្ចពិភាក្សានៅថ្ងៃទី ២៨ ខែសីហា។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់ច្បាស់ថា តើអ្នកតំណាងក្រុមហាម៉ាស់នឹងចូលរួមក្នុងការចរចានៅទីក្រុងដូហាដែរឬអត់។ តំណាងអ្នកសម្រុះសម្រួលអេហ្ស៊ីប អាមេរិក និងអ៊ីស្រាអែលក៏មិនទាន់ត្រូវបានប្រកាសផងដែរ។
យានយោធាអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ការចរចានៅទីក្រុងគែរបានផ្អាកកាលពីចុងសប្តាហ៍ដោយមិនទទួលបាន វឌ្ឍនភាពណាមួយឡើយ។ យោងតាមប្រភពជាច្រើន មូលហេតុចម្បងធ្វើឲ្យការចរចានៅទីក្រុងគែរធ្លាក់ចូលភាពជាប់គាំងគឺដោយសារតែភាគីអ៊ីស្រាអែលទទូចលើសិទ្ធិរក្សាកងកម្លាំងនៅច្រករបៀង Philadelphi នៅភាគខាងត្បូង និងច្រករបៀង Netzarim នៅភាគកណ្តាលតំបន់ហ្គាហ្សា ខណៈដែលទាំងអេហ្ស៊ីប និងក្រុមហាម៉ាស់ប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការទាមទារនេះ៕