ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ក្រុម Houthi បានបាញ់មីស៊ីលចំនួន ៣ គ្រាប់សំដៅលើនាវាអាមេរិកនៅសមុទ្រក្រហម ហើយអ៊ីរ៉ង់បានព្រមានថា ការប្រយុទ្ធគ្នានឹងរីករាលដាលពាសពេញតំបន់ទាំងមូល
(VOVWORLD) - នាថ្ងៃដដែល កងកម្លាំង Houthi នៅយេម៉ែន បានស្នើឱ្យបុគ្គលិកជនជាតិអាមេរិក និងអង់គ្លេស ដែលធ្វើការឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌នៅក្នុងប្រទេសនេះ ឱ្យចាកចេញក្នុងរយៈពេល ១ ខែ។
យោងតាមសេចក្តីប្រកាសរបស់ទីបញ្ជាការកណ្តាលអាមេរិកនៅមជ្ឈិមបូព៌ា (CENTCOM) នាយប់ថ្ងៃទី ២៤ ខែមករា នាវាពាណិជ្ជកម្មមួយគ្រឿងរបស់ប្រទេសនេះនៅសមុទ្រក្រហមត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ៣ គ្រាប់របស់ក្រុមប្រដាប់អាវុធ Al Houthi នៅយេម៉ែន។ ទោះជាយ៉ាងណា សេចក្តីប្រកាសមិនបានលើកឡើងអំពីការខូចខាតដល់ការវាយប្រហារឡើយ។
នាថ្ងៃដដែល កងកម្លាំង Houthi នៅយេម៉ែន បានស្នើឱ្យបុគ្គលិកជនជាតិអាមេរិក និងអង់គ្លេស ដែលធ្វើការឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌នៅក្នុងប្រទេសនេះ ឱ្យចាកចេញក្នុងរយៈពេល ១ ខែ។ ក្នុងសារលិខិតមួយច្បាប់ ដែលផ្ញើទៅកាន់អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅប្រទេសយេម៉ែន លោក Peter Hawkins ក្រុម Houthis បានស្នើឱ្យអង្គការបរទេសកុំឲ្យជួលជនជាតិអាមេរិក និងអង់គ្លេសឱ្យធ្វើការក្នុងអង្គការនៅយេម៉ែន។ អ្នកចរចារបស់កងកម្លាំង Houthi លោក Mohammed Abdulsalam បានបញ្ជាក់ពីខ្លឹមសារនៃសារលិខិតនេះ។ ស្ថានទូតអង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំនៅយេម៉ែនមិនទាន់មានការអត្ថាធិប្បាយជាផ្លូវការលើព័ត៌មាននេះឡើយ ប៉ុន្តែបាននិយាយថាពួកគេរក្សាការទាក់ទងជាមួយអង្គការសហប្រជាជាតិ។ សំណើនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងទីតាំងរបស់ក្រុម Houthi នៅយេម៉ែន។
នៅព្រឹត្តិការណ៍ពាក់ព័ន្ធ កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើ "កំហុសជាយុទ្ធសាស្ត្រ" នៅពេលវាយប្រហារលើកងកម្លាំង Houthi ដោយព្រមានថាវិធានការនេះអាចបង្កឱ្យមានជម្លោះ និងភាពតានតឹងរីករាលដាលនៅក្នុងតំបន់៕