ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ មិនទាន់មានសញ្ញាវិជ្ជមានណាមួយបន្ទាប់ពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - ក្រុមអ្នកសម្រុះសម្រួលបានបន្តស្វែងរកមធ្យោបាយដើម្បីបង្រួញការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅឯការចរចាដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែសីហា ក្នុងប្រទេសអេហ្ស៊ីប។ យោងតាមមន្ត្រីអាមេរិក គណៈប្រតិភូរបស់ប្រទេសនេះមានជំនួបទ្វេភាគីជាមួយគណៈប្រតិភូអេហ្ស៊ីប និងកាតា កាលពីថ្ងៃទី ២៤ សីហា។
ជាមួយគ្នានោះ តំណាងនៃប្រទេសអេហ្ស៊ីបនិងកាតាបានជួបជាមួយគណៈប្រតិភូហាម៉ាស ដែលមកកាន់អេហ្ស៊ីប ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមិនបានចូលរួមការចរចានោះទេ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានសញ្ញាវិជ្ជមានណាមួយពីការចរចានៅឡើយទេ។
ប្រជាជននៅតំបន់ហ្គាហ្សាកំពុងរងគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ដោយសារតែជម្លោះ។ រូបថត៖ BBC |
នៅពេលដែលការចរចាកំពុងប្រព្រឹត្តិទៅ កងទ័ពអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សា បណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ នៅថ្ងៃទី ២៤ សីហា។ ស្ថាប័នសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅ ជនរងគ្រោះមិនអាចផ្លាស់ទីបានដោយសារការប្រយុទ្ធនៅតែបន្ត ឬជាប់គាំងនៅក្រោមគំនរបាក់បែក។ ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣មក ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឲ្យជនប៉ាឡេស្ទីនជាង ៤០.០០០ នាក់បានស្លាប់ និងមនុស្សជាង ៩៣.០០០នាក់ផ្សេងទៀតរងរបួស។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌(OCHA) នៅថ្ងៃទី ២៣ សីហាបានបង្ហាញថា ក្នុងខែកក្កដា ចំនួនកុមារដែលកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅភាគខាងត្បូងតំបន់ហ្គាហ្សា បានកើនឡើងទ្វេដងបើធៀបនឹងខែឧសភា និងបានកើនឡើងបួនដងនៅភាគខាងជើងតំបន់នេះ។ បរិមាណជំនួយស្បៀងអាហារចូលតំបន់ហ្កាហ្សាក្នុងខែកក្កដាក៏ជាកម្រិតទាបបំផុតចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើង៕