ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ អាមេរិកបង្កើនសម្ពាធលើក្រុមហាម៉ាស់ ដើម្បីទទួលយកសំណើបទឈប់បាញ់ថ្មី

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលនៅទីក្រុង Tel Aviv កាលពីយប់ថ្ងៃទី ១៩ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានទទួលយក និងគាំទ្រ "សំណើតភ្ជាប់" ដែលអាមេរិកបានស្នើរឡើងកាលពីសប្តាហ៍មុននៅទីក្រុងដូហា ប្រទេសកាតា ដើម្បីបង្រួញការខ្វែងគំនិតគ្នារវាងភាគីនានា។ 

ដូច្នេះហើយ ទំនួលខុសត្រូវក្នុងការឈានដល់កិច្ចព្រមព្រៀងនាពេលនេះ គឺអាស្រ័យលើក្រុមហាម៉ាស ហើយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ត្រូវចាត់វិធានការស្រដៀងគ្នា នោះគឺទទួលយកសំណើបទឈប់បាញ់ថ្មី។ មុននោះ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល Issac Herzog រដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ការចរចានាពេលនេះអាចជាឱកាសចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងបញ្ឈប់សង្គ្រាមដែលអូសបន្លាយរយៈពេលជាង ១០ខែក្នុងតំបន់ហ្គាហ្សា។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ អាមេរិកបង្កើនសម្ពាធលើក្រុមហាម៉ាស់ ដើម្បីទទួលយកសំណើបទឈប់បាញ់ថ្មី - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken  ជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ AP

មន្ត្រីអ៊ីស្រាអែលមួយរូបបានឲុ្យដឹងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅតែប្តេជ្ញាចិត្ត បន្តប្រដេញតាមគោលដៅកំទេចក្រុមកម្លាំងហាម៉ាស។ ដោយសារតែការបញ្ចប់ជម្លោះដោយមិនកម្ចាត់ក្រុមហាម៉ាស មានន័យថា អ៊ីស្រាអែលបញ្ជូនសារអំពីភាពទន់ខ្សោយរបស់ខ្លួនទៅកាន់តំបន់ទាំងមូល។

បច្ចុប្បន្ននេះ ក្រុមហាម៉ាស់មិនទាន់ធ្វើប្រតិកម្មជាផ្លូវការណាមួយ ចំពោះសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនិងមន្ត្រីអ៊ីស្រាអែលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគក្នុងតំបន់ ទំនងជាក្រុមហាម៉ាសនឹងបន្តច្រានចោលសំណើរបស់អាមេរិក ហើយមិនបញ្ជូនតំណាងឱ្យចូលរួមការចរចាដែលសម្របសម្រួលដោយអាមេរិក អេហ្ស៊ីប និងកាតានោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ