ជ័យជំនះ Dien Bien Phu គឺជាផ្កាយភ្លឺនៃចលនារំដោះជាតិ
(VOVWORLD) - ជ័យជំនះ Dien Bien Phu គឺជានិមិត្តរូបនៃភាពក្លាហានដែលមិនអាចប្រៀបផ្ទឹមបាន និងជាផ្កាយភ្លឺនៃចលនារំដោះជាតិ ដែលជាសញ្ញាបង្ហាញពីការដួលរលំនៃអាណានិគមលើពិភពលោក។
ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បានបញ្ចប់ដោយជោគជ័យ (រូបថត៖ ឯកសារ TTXVN) |
នេះជាការលើកឡើងរបស់បណ្ឌិតនយោបាយ Sergio Rodríguez Gelfenstein អតីតនាយកទំនាក់ទំនងអន្តរជាតិនៃវិមានប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងអត្ថបទចុះផ្សាយក្នុងកាសែតពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina ក្នុងឱកាសវៀតណាមរំលឹកខួបលើកទី៧០ឆ្នាំ ជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
ក្នុងអត្ថបទនេះ អ្នកនិពន្ធ Sergio Rodríguez Gelfenstein បានលើកឡើងពីការរួមចំណែករបស់វៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគម។ យោងតាមលោករូបនេះ ជ័យជំនះ Dien Bien Phu របស់វៀតណាម រួមជាមួយនឹងសង្គ្រាមដណ្តើមឯករាជ្យរបស់ប្រទេសអាល់ហ្សេរីដែលបានបញ្ចប់នៅឆ្នាំ ១៩៦២ និងសមរភូមិ Cuito Cuanavale នៃសម្ព័ន្ធគុយបា-អង់ហ្គោឡាក្នុងឆ្នាំ ១៩៨៨ គឺជាជ័យជម្នះដ៏ខ្លាំងក្លាបំផុតក្នុងសតវត្សទី ២០ ប្រឆាំងនឹងរបបអាណានិគមនិយមអឺរ៉ុប។
អ្នកស្រាវជ្រាវដ៏ល្បីល្បាញនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជ័យជំនះ Dien Bien Phu រំដោះវៀតណាមខាងជើងទាំងអស់ បង្កើតលក្ខខណ្ឌសម្រាប់ការប្រយុទ្ធជាបន្តបន្ទាប់ដើម្បីបង្រួបបង្រួមប្រទេសជាតិ។ ជ័យជំនះនេះ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានកត់សម្គាល់ពីការបរាជ័យទាំងស្រុងនៃអាណានិគមនិយមបារាំងនៅឥណ្ឌូចិន រារាំងផែនការពង្រីកអាណានិគមនៅអាស៊ីអាគ្នេយ៍ ហើយទន្ទឹមនឹងនោះ ជាការលើកទឹកចិត្តដល់ប្រជាជនអាណានិគមដែលរងការជិះជាន់នៅជុំវិញពិភពលោកក្រោកឈរឡើងតស៊ូដណ្តើមឯករាជ្យ៕