តុលាការអង្គការសហប្រជាជាតិបើកសវនាការលើសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ នៅវិមានសន្តិភាពក្នុងទីក្រុងឡាអេ (ហូឡង់) តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបើកសវនាការដើម្បីវាយតម្លៃពីផលវិបាកផ្លូវច្បាប់នៃការអនុវត្តគោលនយោបាយរបស់អ៊ីស្រាអែលនិងការកាន់កាប់ទឹកដីប៉ាឡេស្ទីនចាប់ពីឆ្នាំ ១៩៦៧មក ដែលរួមបញ្ចូលទាំងយេរូសាឡឹមខាងកើតផងដែរ។
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន Riyad al-Maliki និងបេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន Riyad Mansour ចូលរួមសវនាការជាសាធារណៈនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីផលវិបាកផ្លូវច្បាប់នៃការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។ រូបថត៖ រ៉យទ័រ |
នៅក្នុងសវនាការដែលគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ចៅក្រមនឹងវាយតម្លៃផលវិបាកផ្លូវច្បាប់ដែលបណ្តាលមកពីសកម្មភាពកាន់កាប់របស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំ ១៩៦៧មក។ តាមការគ្រោងទុក តំណាងរបស់ប្រទេសចំនួន៥២ នឹងបកសា្រយជូនចៅក្រមនូវភស្តុតាងពាក់ព័ន្ធ។ អាមេរិក រុស្ស៊ី ចិន អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប ស្ថិតក្នុងចំណោមប្រទេសដែលចូលរួមក្នុងសវនាការនេះ។ អ៊ីស្រាអែលមិនបានបញ្ជូនតំណាងទៅចូលរួមនោះទេ ប៉ុន្តែបានផ្ញើឯកសារពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។
បាតុករគ្រវីទង់ជាតិប៉ាឡេស្ទីននៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ រូបថត៖ រ៉យទ័រ |
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃដដែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ លោក Josep Borrell បានឲ្យដឹងថា ប្រទេសចំនួន ២៦ ក្នុងចំណោមប្រទេសសមាជិក EU ចំនួន ២៧ បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពិច សម្រាប់គោលបំណងមនុស្សធម៌ក្នុងជម្លោះរវាងអ៊ីស្រាអែល និង ចលនាអ៊ីស្លាមហាម៉ាស។ សហភាពអឺរ៉ុបក៏បានអំពាវនាវដល់អ៊ីស្រាអែលមិនដាក់ពង្រាយប្រតិបត្តិការយោធានៅទីក្រុង Rafah ពីព្រោះវិធានការនេះនឹងបង្កឱ្យមានគ្រោះសោកនាដកម្មសម្រាប់ជនភៀសខ្លួនប្រហែល ១,៥ លាននាក់ដែលកំពុងជ្រកកោនក្នុងទីក្រុងនៅភាគខាងត្បូងតំបន់ហ្គាហ្សានេះ៕