តាលីបង់ទាមទារឲ្យបណ្តាប្រទេសជម្លៀសពលរដ្ឋរបស់ខ្លួនឲ្យបានទាន់ពេលវេលា
(VOVWORLD) - អ្នកនាំពាក្យតាលីបង់ក៏បានអំពាវនាវឲ្យអាមេរិកមិនលើកទឹកចិត្តឲ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់ទទួលការបណ្តុះបណ្តាល ចាកចេញពីប្រទេសទាល់តែសោះ ពីព្រោះកម្លាំងនេះ “ត្រូវការជំនាញរបស់ពួកគេ”។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានលើកច្បាស់ថា ការជម្លៀសជនបរទេសចេញពីរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ត្រូវតែបញ្ចប់មុនដំណាច់ខែនេះ ហើយក្រុមតាលីបង់មិនយល់ស្របនឹងការពន្យារពេលឲ្យហូសថ្ងៃទី ៣១ ខែសីហា ដែលអាមេរិកបាននាំចេញសម្រាប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យតាលីបង់ក៏បានអំពាវនាវឲ្យអាមេរិកមិនលើកទឹកចិត្តឲ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់ទទួលការបណ្តុះបណ្តាល ចាកចេញពីប្រទេសទាល់តែសោះ ពីព្រោះកម្លាំងនេះ “ត្រូវការជំនាញរបស់ពួកគេ” ។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ អ្នកនាំពាក្យតាលីបង់បានឲ្យដឹងថា ជីវភាពរស់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានវិលត្រឡប់ទៅស្ថានភាពធម្មតា ហើយភាពច្របូកច្របល់នៅព្រលានយន្តហោះអន្តរជាតិកាប៊ុល គឺជាចំណុចក្តៅគគុកតែមួយគត់ដែលត្រូវដោះស្រាយ។ ដូច្នេះមានតែជនបរទេសប៉ុណ្ណោះ ដែលបានអនុញ្ញាតឱ្យចូលក្នុងព្រលានយន្តហោះកាប៊ុល ហើយជនជាតិអាហ្វហ្គានីស្ថានមិនត្រូវបានអនុញ្ញាតឱ្យចូលតំបន់នេះទេ។ តំណាងអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការលើកលែងទោសយ៉ាងពេញលេញដល់ប្រជាជន សិទ្ធិរបស់ស្ត្រី ហើយសន្តិសុខនឹងត្រូវបានធានា។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ២៤ ខែសីហា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្សនៅអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី ៣១ ខែសីហា ទោះបីជាល្បឿនការងារនឹងអាស្រ័យលើថា តើក្រុមតាលីបង់បន្តសហការនិងអនុញ្ញាតឱ្យប្រជាជនចូលទៅដល់ព្រលានយន្តហោះដែរឬទេ៕