ថ្នាក់ដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម

(VOVWORLD) - ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី កាណាដា គុយវ៉ែត និងស៊ុយអែតបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអបអរសាទរចំពោះលោកប្រធានរដ្ឋTo Lam ដែលត្រូវបានរដ្ឋសភានីតិកាលទី១៥បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត
ណាម។ ប្រធានាធិបតីឥណ្ឌូនេស៊ីបានអះអាងថា ឥណ្ឌូនេស៊ីមានបំណងចង់បន្តជំរុញនិងលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍ និងវិបុលភាពរបស់ឥណ្ឌូនេស៊ី និងវៀតណាម។

អគ្គទេសាភិបាលកាណាដាលោកស្រី Mary May Simon បានផ្ញើក្ដីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោក To Lam ក្នុងឱកាសដែលលោកត្រូវបានប្រគល់ភារកិច្ចថ្មី ដោយបញ្ជាក់ថាទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកាណាដានឹងកាន់តែរីកចម្រើន ព្រមទាំងជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលជាច្រើនបន្ថែមទៀត។

ព្រះមហាក្សត្រនៃរដ្ឋគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah បានផ្ញើព្រះរាជសារអបអរសាទរដល់លោកប្រធានរដ្ឋ To Lam។ ស្តេចស៊ុយអែត Carl XVI Gustaf បានផ្ញើសារទូរលេខអបអរសាទរដល់លោកប្រធានរដ្ឋ To Lam។

ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ត្រូវបានរដ្ឋសភានីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌាលោក Droupadi Murmu និងប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌាលោក Om Birla បានផ្ញើលិខិតអបអរសាទរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ