ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានជាច្រើនអំពីពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនលើពិភពលោកបានចុះផ្សាយព័ត៌មានអត្ថបទអំពីពិធីបុណ្យសពថ្នាក់ជាតិរបស់អគ្គលេខាបក្ស លោក ង្វៀន ភូ ជុង ដោយសង្កត់ធ្ងន់លើម នោសញ្ចេតនារបស់ប្រជាជន និងមិត្តអន្តរជាតិ រួមជាមួយនឹងការវាយតម្លៃអំពីស្នាដៃឆ្នើមរបស់លោកអគ្គលេខាបក្សក្នុងអំឡុងពេលបីអាណត្តិដឹកនាំប្រទេសវៀតណាម។
ទីភ្នាក់ងារសារព័ត៌មាន Reuters (ចក្រភពអង់គ្លេស) មានព័ត៌មានលម្អិតអំពីពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេស ស្ថាប័នការទូតជាច្រើន តំណាងអង្គការអន្តរជាតិ និងមិត្តភក្តិ។
នៅក្នុងព័ត៌មានលំ និងអត្ថបទអំពីពិធីបុណ្យកាន់ទុក្ខជាតិរយៈពេល ២ ថ្ងៃ ទីភ្នាក់ងារសារព័ត៌មាន AP (សហរដ្ឋអាមេរិក) The Telegraph (ចក្រភពអង់គ្លេស) និងទីភ្នាក់ងារព័ត៌មាន AFP (បារាំង) បានចុះផ្សាយថា ប្រជាជនវៀតណាមរាប់ពាន់នាក់បានធ្វើដំណើរ ដ៏វែងឆ្ងាយមិនចេះនឿយហត់ ដើម្បីមកដល់ទីក្រុងហាណូយ តម្រង់ជួររងចាំចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅផ្ទះបុណ្យសពជាតិ និងស្រុកកំណើតរបស់លោកអគ្គលេខាបក្សនៅស្រុកដុង អាញ់ ក្នុងគោល បំណងសម្តែងការគោរពចំពោះលោក។
រាយការណ៍អំពីពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ទីភ្នាក់ងារសារព័ត៌មាន Bloomberg (អាមេរិក) បានសង្កត់ធ្ងន់លើកេរដំណែលសំខាន់ៗរបស់លោកអគ្គលេខាបក្ស ក្នុងនោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវៀតណាមក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចឈានមុខគេលើសកលលោក។
ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានចុះផ្សាយអត្ថបទសង្ខេបអំពីអំឡុងពេលពីរថ្ងៃកាន់ទុក្ខថ្នាក់ជាតិរបស់វៀតណាម។ អត្ថបទក៏បានបញ្ជាក់ផងដែរថា អាណត្តិទាំងបីរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង មិនត្រឹមតែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ថែមទាំងនាំវៀតណាមក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីផងដែរ។
ក្នុងថ្ងៃទី ២៦ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនរបស់ចិនបានរាយការណ៍អត្ថបទដិតច្បាស់ អំពីពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
ក្នុងអត្ថបទ “អគ្គលេខាបក្ស ថងលូន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសមមិត្ត ង្វៀនភូ ជុង” ទីភ្នាក់ងារសារព័ត៌មានឡាវបានលើកឡើងថា អគ្គលេខាបក្ស ង្វៀន ភូ ជុងបានរួមចំណែកយ៉ាងធំធេង មានតម្លៃ និងសំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ និងវៀតណាម។
ទីភ្នាក់ងារសារព័ត៌មានគុយបា (គុយបា) បានចុះផ្សាយព័ត៌មានអំពីដំណើររបស់ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez ទៅកាន់ប្រទេសវៀតណាម។ អត្ថបទបានគូសបញ្ជាក់ពីការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ក្នុងការអភិវឌ្ឍប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជាចំពោះ “ទំនាក់ទំនងសាមគ្គីភាព និងភាតរភាព” កាន់តែខ្លាំងឡើងរវាងប្រជាជន បក្សកុម្មុយនិស្ត និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សារព័ត៌មាន Sputnik របស់រុស្ស៊ីក៏បានចុះផ្សាយអត្ថបទ និងរូបថតរបស់គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយអនុប្រធានរដ្ឋរុស្ស៊ី Duma Petr Olegovich Tolstoy មកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀនភូ ជុង ដែលសង្កត់ធ្ងន់ថា៖ “លោកអគ្គលេខាបក្ស ង្វៀនភូ ជុង បានដាក់គ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-រុស្ស៊ី”៕