ទួរគីអនុម័តលើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត
(VOVWORLD) - សភាទួរគីកាលពីយប់ថ្ងៃទី ២៣ ខែមករា បានបោះឆ្នោតអនុម័តលើពាក្យសុំរបស់ស៊ុយអែតដើម្បីចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង - ណាតូ។
ជាក់ស្តែង បន្ទាប់ពីការពិភាក្សាអស់រយៈពេលជាង ៤ ម៉ោង សភាទួរគីបានធ្វើការបោះឆ្នោត ដោយមានសម្លេងគាំទ្រចំនួន២៨៧ សម្លេងបានគាំទ្រស៊ុយអែតក្លាយជាសមាជិកទី ៣២ នៃអង្គការណាតូ ខណៈដែលសម្លេងប្រឆាំងចំនួន៣៥។ កាយវិការនេះបានបញ្ចប់ភាពជាប់គាំងអស់រយៈពេល ២០ ខែក្នុងការចរចាររវាងរដ្ឋាភិបាលស៊ុយអែត និងរដ្ឋាភិបាលទួរគី។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Stockholm ថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២៣ ។ រូបថត៖ AFP/TTXVN |
ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកណាតូកាលពីខែឧសភា ឆ្នាំ ២០២២ ត្រឹមតែ ៣ ខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ហ្វាំងឡង់បានចូលជាសមាជិកណាតូជាផ្លូវការតាំងពីខែមេសាឆ្នាំមុន ខណៈដែលស៊ុយអែតនៅតែប្រឈមមុខនឹងឧបសគ្គពីទួរគី និងហុងគ្រី។ រដ្ឋបាលរបស់ប្រធានាធិបតីទួរគី លោក Recep Tayip Erdogan កាលពីមុននោះ បានរិះគន់ប្រទេសស៊ុយអែត ដែលមិនបានសហការឲ្យបានពេញលេញជាមួយទួរគី ក្នុងការដោះស្រាយក្តីកង្វល់របស់ប្រទេសនេះ ទាក់ទងនឹងសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលទួរគីបានចុះបញ្ជីជាភេរវករ ប៉ុន្តែកំពុងរស់នៅក្នុងទឹកដីស៊ុយអែត។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែតុលាឆ្នាំ២០២៣ លោកប្រធានាធិបតី Erdogan បានបើកភ្លើងខៀវសម្រាប់ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីទទួលបានការសម្បទានពីស៊ុយអែត និងសហរដ្ឋអាមេរិក។
ដោយត្រូវបានសភាទួរគីអនុម័តលើពាក្យសុំចូលជាសមាជិកអង្គការណាតូនោះ ស៊ុយអែតនៅសល់ឧបសគ្គតែមួយគត់ គឺប្រទេសហុងគ្រី៕