នាំទំនាក់ទំនងរវាងសភាទាំងពីរ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី
(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man នាថ្ងៃទី ២៤ ខែសីហា ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា។
ចែករំលែកនៅមុនដំណើរទស្សនកិច្ចនេះ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោកស្តី Le Thu Ha បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines មានសារសំខាន់ណាស់ ដោយរួមចំណែកលើកកំពស់ ធ្វើឲ្យជាក់ស្តែងនិងស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងសភាទាំងពីរ នាំទំនាក់ទំនងនេះឲ្យក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី។ សម្រាប់ភាគីអូស្ត្រាលី ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អូស្ត្រាលី លើទំនាក់ទំនងជាមួយវៀតណាម ដោយបញ្ជាក់ពីបំណងចង់ជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលី ហើយជាសកម្មភាពអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងដំណាក់កាលថ្មី ជាមួយនឹងអត្ថន័យថ្មីថ្មោងនិងស៊ីជម្រៅ តាមទិសដៅកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។
ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines។ រូបថត៖ Viet Duc/TTXVN |
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man; ជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសំដែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam; ចូលរួមវេទិការវៀតណាម-អូស្ត្រាលី ក្រោមប្រធានបទ “ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ចែករំលែកទស្សនៈវិស័យនៃវិបុលភាព”។ តាមផែនការ ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines ក៏នឹងមានដំណើរទស្សនកិច្ចការងារនៅខេត្ត Ninh Binh ខេត្ត Bac Ninh និងទីក្រុងហូជីមិញផងដែរ៕