នៅមានមនុស្ស ៩៥នាក់ កំពុង​បាត់ខ្លួន បន្ទាប់ពីការវាយប្រហារនៅទីក្រុងម៉ូស្គូ

(VOVWORLD) - អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សចំនួន៩៥នាក់នៅតែបាត់ខ្លួនក្នុងការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្រ្តី Crocus City Hall នៅជាយក្រុងម៉ូស្គូ ប្រទេសរុស្សី។ បញ្ជីបាត់ខ្លួនរួមមានអ្នកដែលមិនអាចទាក់ទងបានក្រោយឧបទ្ទវហេតុនេះ និងអ្នកដែលមិនស្ថិតក្នុងចំណោមអ្នករងរបួសឬស្លាប់។ មកទល់ពេលនេះ មនុស្ស១៤០នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ក្នុងសោកនាដកម្មនេះ។ អាជ្ញាធររុស្ស៊ីនៅតែខិតខំស្វែងរកករណីដែលគេជឿថាបាត់ខ្លួន។       

នាថ្ងៃដដែលនោះ នៅលើបណ្តាញសង្គម Telegram អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានសម្តែងការអរគុណចំពោះអ្នកទាំងអស់ដែលបានជួយដោះស្រាយផលវិបាកនៃការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រីCrocus City Hall ។

នៅមានមនុស្ស ៩៥នាក់ កំពុង​បាត់ខ្លួន បន្ទាប់ពីការវាយប្រហារនៅទីក្រុងម៉ូស្គូ - ảnh 1គំនរការបាក់បែកបន្ទាប់ពីការវាយប្រហារលើសាលប្រគុំតន្ត្រី Crocus ក្នុងក្រុង Krasnogorsk ជាយក្រុងនៃក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

លោក Sobyanin បានសរសេរថា៖ អ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះជិត ៤០០នាក់ ឧបករណ៍ពន្លត់អគ្គីភ័យជាង ១៤០គ្រឿង បានចូលរួមក្នុងការពន្លត់ភ្លើងឆេះនៅ Crocus City Hall ។ ក្រុមរថយន្តសង្គ្រោះចំនួន ៤៤គ្រឿង និងឧទ្ធម្ភាគចក្រពេទ្យចំនួន ៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុនៃសោកនាដកម្មនេះ។ ទន្ទឹមនឹងនោះ អាជីវកម្មក្នុងស្រុកបានបរិច្ចាគ ផ្តល់ជំនួយសម្ភារៈ និងថវិកាជាង ២៣៥ លានរូប្លដល់ជនរងគ្រោះ ថែមទាំងបានលុបចោលបំណុលសម្រាប់ជនរងគ្រោះទៀតផង។

យោងតាមស្ថិតិរបស់អាជ្ញាធរសុខាភិបាលរុស្ស៊ី គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមីនា (ម៉ោងក្នុងស្រុក) ចំនួនអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ បានកើនឡើងដល់ ៣៦០នាក់ ក្នុងនោះមានកុមារ ១១នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ