នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំនូវែលសេឡង់ ម៉ុងហ្គោលី និងបាបាដូស
(VOVWORLD) - ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ប្រទេសចិន នាព្រឹកថ្ងៃទី ២៧ មិថុនា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins (រូបថត៖ VOV) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀត ណាមវាយតម្លៃខ្ពស់ និងមានបំណងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយនូវែលសេឡង់; អះអាងថា វៀតណាមបង្កើតគ្រប់លក្ខខណ្ឌ និងលើកទឹកចិត្តអង្គភាពអាជីវកម្មនូវែលសេឡង់ មកបណ្តាក់ទុននៅវៀតណាមលើវិស័យជាប្រៀបខ្លាំងរបស់នូវែលសេឡង់ ហើយវៀតណាមមានតម្រូវការ; ស្នើនូវែលសេឡង់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម មកបណ្តាក់ ទុននៅនូវែលសេឡង់។
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Chris Hipkins បានឯកភាពចំពោះគំនិត និងសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាចំណុចសំខាន់ ក៏ដូចជាបង្កើនការសម្របសម្រួលរវាងភាគីទាំងពីរក្នុងវេទិកាពហុភាគី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai (រូបថត៖ VOV) |
នាព្រឹកនេះផងដែរ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai មេដឹកនាំទាំងពីរនៃប្រទេសវៀតណាម និងម៉ុងហ្គោលីបានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរពូនជ្រុំនិងអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សេរីភាព សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ជំរុញការសន្ទនា បង្កើនទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី បាបាដូស លោកស្រី Mia Mottley (រូបថត៖ VOV) |
អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីបាបាដូស Mia Mottley នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើភាគីទាំងពីរសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅខំពោះមុខគឺជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ នាយករដ្ឋមន្ត្រី Mia Mottley បានអះអាងថា បាបាដូសត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសការាបៀន៕