នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអង្គទូតក្នុងឱកាសបុណ្យតេតឆ្នាំរោង ឆស័ក ២០២៤
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ នាយប់ថ្ងៃទី ២៤ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងពិធី ជប់លៀងជូនគណៈប្រតិភូអង្គទូតនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីក្នុងពិធីទទួលគណៈប្រតិភូអង្គទូតក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា នាថ្ងៃទី ២២ ខែធ្នូឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយទទួលស្គាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ នេះគឺជាដំណឹងល្អសម្រាប់មនុស្សជិត ២ ពាន់លាននាក់នៅជុំវិញពិភពលោក។ សម្រាប់វៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានអត្ថន័យសំខាន់ ជាឱកាសជួបជុំគ្នា ចែករំលែក និងតភ្ជាប់គ្រួសារ និងសហគមន៍ សម្តែងការដឹងគុណ ផ្ញើរពាក្យជូនពរ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីកាន់តែល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀតណាមបន្តខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាសាមគ្គី និងរួមដៃគ្នាកសាងពិភពលោកកាន់តែមានសន្តិភាព សុភមង្គល និងកាន់តែប្រសើរឡើង ដើម្បីមនុស្សគ្រប់គ្នា មិនគិតពីប្រទេស ជាតិសាសន៍ សាសនា ឬ ជំនឿ សុទ្ធតែមានជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គល។
លោកនាយករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាមនឹងបន្តអនុវត្តតួនាទីជាស្ពានពិសេសប្រកបដោយប្រសិទ្ធភាព នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា និងអង្គការអន្តរជាតិជាមួយវៀតណាមកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីឱ្យប្រទេសនីមួយៗ និងប្រជាជននីមួយៗអាចអភិវឌ្ឍន៍កាន់តែរឹងមាំ ដើម្បីពិភពលោកមួយ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តំណាងឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីន ប្រធានអង្គទូតប្រចាំនៅវៀតណាម លោក Saadi Salama បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងគោលនយោបាយការបរទេសដោយសន្តិវិធី និងស្មារតីស្ថាបនា វៀតណាមនឹងបន្តរួមវិភាគទាននូវសំឡេងសំខាន់របស់ខ្លួនក្នុងការជំរុញការអនុលោមតាមច្បាប់អន្តរជាតិ រក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការជំរុញ និងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយប្រទេសនានា និងអង្គការអន្តរជាតិជុំវិញពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពិភពលោកសន្តិភាព ស្ថិរភាព សមភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕