នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -  តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៣ ខែតុលា។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith  

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ច នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិង ឡាវ ដោយចាត់ទុកចំណងនេះជាកត្តាសំខាន់ដើម្បីធានាបាននូវជោគជ័យនៃបុព្វហេតុ កសាងនិងការពារមាតុប្រទេសនៃប្រទេសនីមួយៗ។ ទំនាក់ទំនងនយោបាយនិងការទូតបន្តត្រូវបានពង្រឹងបន្ថែមទៀតភ្ជាប់ទៅនឹងការជឿទុកចិត្ត ដែលដើរតួនាទីយ៉ាងសំខាន់និងកំណត់ទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខនិងទំនាក់ទំនងការបរទេសបន្តមានការអភិវឌ្ឍន៍ថ្មី ដែលជាសរសរគ្រឹះក្នុងទំនាក់ទំនងទ្វេភាគី។

លើសពីនេះទៅទៀត វៀតណាមនិងឡាវតែងតែបានសហការគ្នាយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិកាសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរបានសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ាននិងរក្សាសាមគ្គីភាពនិងការមូលមតិគ្នារបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់រួមទាំងសមុទ្រខាងកើតតែម្តង។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជនវៀតណាមនៅឡាវនិងសហគមន៍ជនឡាវនៅវៀតណាមក្នុងការរស់នៅ ធ្វើការនិងសិក្សាសៀនសូត្រនៅប្រទេសនីមួយៗ។

សូមគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith លើកនេះ បានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទន្ទឹមនឹងនេះ បន្តការផ្លាស់ប្តូរ ការស្វែងរកដំណោះស្រាយដើម្បីជំរុញកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ