នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ Guangxi (ចិន)
(VOVWORLD) - លេខាគណៈកម្មាធិការបក្សតំបន់ Guangxi លោក Liu Ning បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយមូលដ្ឋានវៀតណាម ព្រមទាំងជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវសមុទ្រសមស្របតាមគំរូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នារសៀលថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនតំបន់ស្វយ័ត Zhuang Guangxi ប្រទេសចិន លោក Liu Ning ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទន់នៅច្រកព្រំដែន ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ; អះអាងថា បក្សទាំងពីរនិងប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងប្រទេសទាំងពីរ លើកទឹកចិត្ត និងគាំទ្រមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសខេត្ត/តំបន់ជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យខេត្ត Guangxi បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមដែលនាំចូលក្នុង Guangxi ចូលជ្រៅទៅក្នុងទីផ្សារចិនដីគោក និងទៅកាន់ទីផ្សារប្រទេសទីបី; លើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពមកពីខេត្ត Guangxi បង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើគម្រោងកសិកម្មបៃតង ថាមពលស្អាត និង អភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ Guangxi (ចិន) លោក Liu Ning (រូបថត៖ VGP/Nhat Bac) |
រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សតំបន់ Guangxi លោក Liu Ning បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយមូលដ្ឋានវៀតណាម ព្រមទាំងជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវសមុទ្រសមស្របតាមគំរូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Liu Ning ស្នើរឲ្យភាគីទាំងពីរពង្រីកវិសាលភាពបន្ថែមទៀត លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ បង្កើនការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម និងបង្ការជំងឺឆ្លងព្រំដែន លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការអប់រំ និងបណ្តុះបណ្តាល ... រួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។
មុននេះនៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang លោក Liu Ning ផងដែរ៕