នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong
(VOVWORLD) - នាថ្ងៃទី ៩ តុលា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានជួបពិភាក្សាគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។
នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានបញ្ជាក់ពីការប្ដេជ្ញាចិត្តនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី; បានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា វិស័យការពារជាតិ-សន្តិសុខ អប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong។ រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ បានអះអាងថា នឹងបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មសិង្ហបុរីបើកទូលាយការវិនិយោគនៅវៀតណាម ដោយផ្សារភ្ជាប់ជាមួយនឹងការលើកកំពស់គុណភាពនៃលំហូរទុន FDI ផ្តល់អាទិភាពលើវិស័យបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ នវានុវត្តន៍ គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត (AI)។
ដោយសម្តែងក្តីរីករាយចំពោះព័ត៌មានដែលថា វៀតណាមបានក្លាយទៅជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតដល់ប្រទេសសិង្ហបុរីក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រី លោក Lawrence Wong មានបំណងចង់បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី ធានាសន្តិសុខស្បៀង ហើយបានឲ្យដឹងថា សិង្ហបុរីត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផ្លែឈើ អាហារ និងអាហារសមុទ្រពីប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីលោក Lawrence Wong បានអះអាងថា សិង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់គុណភាពធនធានមនុស្ស; រក្សាអាហារូបករណ៍គ្រប់កម្រិតសម្រាប់វៀតណាម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់ក្នាអំពីកម្មវិធីផ្លាស់ប្តូរទេពកោសល្យនវានុវត្តន៍វៀតណាម-សិង្ហបុរី។
ទាក់ទិននឹងបញ្ហាក្នុងតំបន់ ប្រទេសទាំងពីរបានឯកភាពពង្រឹងសាមគ្គីភាពអាស៊ាន និងយកចិត្តទុកដាក់សមស្របចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់ក្នុងតំបន់; អះអាងការប្តេជ្ញាចិត្តកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រួមជាមួយបណ្តាប្រទេសអាស៊ាន ជំរុញការចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕