នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញមកដល់រដ្ឋធានីញូវដេលីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា
(VOVWORLD) - នាថ្ងៃទី ៣០ ខែកក្កដា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ (Pham Minh Chinh) បានចុះចតនៅអាកាសយានដ្ឋានយោធាប៉ាឡាមក្នុងទីក្រុងញ្ញូដេលី ប្រទេសឥណ្ឌា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា ពីថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី ១ ខែសីហា តបតាមការអញ្ជើញរបស់សមភាគីឥណ្ឌាលោកណារិនដ្រា ម៉ូឌី (Narendra Modi)។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញមកដល់រដ្ឋធានីញូវដេលីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។ រូបថត៖ VOV |
អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ នៅអាកាសយានដ្ឋាន មានរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា Pabitra Margerita; ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Sandeep Arya; ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេសឥណ្ឌា។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក ង្វៀន ថាញ់ ហាយ; អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Mumbai លោក ឡេ ក្វាង បៀន កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។
តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញនឹងជួបពិភាក្សាជាមួយសមភាគីឥណ្ឌា Narendra Modi; ជួបសម្តែងការគួរសម លោកប្រធានាធិបតី Droupadi Murmu ប្រធានព្រឹទ្ធសភា Jagdeep Dhankhar និងប្រធានសភាជាន់ទាប Om Birla។ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបមេដឹកនាំគណបក្សនយោបាយឥណ្ឌាមួយចំនួន; ចូលរួមវេទិកា និងពិភាក្សាជាមួយធុរកិច្ចនៃប្រទេសទាំងពីរ; ជួបជាមួយសាជីវកម្មសេដ្ឋកិច្ចឈានមុខគេរបស់ឥណ្ឌា; ថ្លែងមតិនៅក្រុមប្រឹក្សាឥណ្ឌាទទួលបន្ទុកកិច្ចការពិភពលោក; ទស្សនាស្ថានទូត និងជួបតំណាងសហគមន៍ជនវៀតណាមនៅឥណ្ឌា។
រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា Pabitra Margerita; ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Sandeep Arya អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ នៅអាកាសយានដ្ឋាន។ រូបថត៖ VOV |
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ នេះក៏ជាឱកាសមួយសម្រាប់ប្រទេសទាំងពីរបង្កើនការចែករំលែកលើបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រក្នុងតំបន់ និងពិភពលោក ហើយបញ្ជាក់ការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលមានការយកចិត្តទុកដាក់ដូចគ្នា៕