នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញអញ្ជើញលើកឡើង៦ចំណុចជា “ខ្នងបង្អែកវៀតណាម” សម្រាប់ជំនះផលវិបាកដោយព្យុះនិងទឹកជំនន់
Vu Khuyen -  
(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមកម្មវិធី “ខ្នងបង្អែក វៀតណាម” ដែលជាកម្មវិធីទូរទស្សន៍ពិសេសឆ្ពោះទៅប្រជាជននៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង Yagi (ព្យុះលេខ ៣) ដែលបានកើតឡើងនាពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចែករំលែកអំពីចំណុចសំខាន់ៗចំនួន ៦ ដើម្បីរួមចំណែកជំនះពុះពារលើផលវិបាកនៃព្យុះកំណាចលេខ ៣ រួមចំណែកកសាងប្រទេសវៀតណាមដ៏រឹងមាំ និងរីកចម្រើន ហើយប្រជាជនយើងកាន់តែមានសុភមង្គល និងវិបុលភាព (រូបថត៖ VOV) |
នៅដើមកម្មវិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ និងគណៈប្រតិភូបានចំណាយពេលស្មឹងស្មាធមួយនាទី រំលឹកដល់ជនរងគ្រោះដែលស្លាប់ដោយព្យុះ Yagi កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្យល់ព្យុះ Yagi និងខ្យល់ព្យុះនាពេលថ្មីៗនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជន និងប្រទេសជាតិ។ ក្នុងគ្រាលំបាក ជួបប្រទះបញ្ហាប្រឈមជាច្រើន មនុស្សគ្រប់រូបសុទ្ធតែត្រូវការខ្នងបង្អែកមួយ ហើយបើតាមលោកនាយករដ្ឋមន្ត្រី វៀតណាមមានខ្នងបង្អែករឹងមាំ នោះគឺ៖ ស្មារតីមហាសាមគ្គីជនជាតិទាំងមូល; ការដឹកនាំដែលយកប្រជាជនជាគោលរបស់បក្ស; ទំនៀមទំលាប់ប្រវត្តិសាស្ត្រ ស្មារតីនៃសេចក្តីស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅ មក; កម្លាំងពលំរបស់ប្រជាជន; ស្មារតីលះបង់គ្រប់យ៉ាងដើម្បីប្រជាជនរបស់កងទ័ពនិងនគរបាល ព្រមទាំងស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានលើកទឹកចិត្តដល់ចៅ ង្វៀន គួក បាវ (កើតក្នុងឆ្នាំ ២០១៦) ដែលបានបាត់បង់ទាំងឪពុក និងបងស្រី នៅពេលដែលមនុស្ស៣នាក់ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈកំពុងធ្វើដំណើរដោយម៉ូតូឆ្លងកាត់ស្ពានជន់លិចភូមិ Cau Treo ឃុំ Yen Thuan ស្រុក Ham Yen ខេត្ត Tuyen Quang (រូបថត៖ VOV) |
“នៅក្នុងខ្លួនយើងម្នាក់ៗ ពេលជួបការលំបាក ពេលស្មុគស្មាញ សម្ពាធកាន់តែច្រើន យើងកាន់តែប្រឹងប្រែង តស៊ូ ហើយឈានឡើងទៅមុខ។ នោះហើយជាស្មារតីខ្លួនទីពឹងខ្លួន និងភាពជឿជាក់លើខ្លួនឯងរបស់មនុស្សម្នាក់ៗ ពេលជួបនឹងការលំបាក ឬឧបសគ្គ ត្រូវឈានឡើង ហួសពី ដែនកំណត់របស់ខ្លួនយើងផ្ទាល់”។
ដោយផ្អែកលើខ្នងបង្អែកវៀតណាមទាំង៦ចំណុចនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ជនរួមជាតិក្នុងនិងក្រៅប្រទេស ត្រូវខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការជំនះនូវផលវិបាក ដែលបណ្តាលមកពីព្យុះ ទីហ្វុង Yagi នៅក្នុងខេត្ត ក្រុងចំនួន ២៦ នៅភាគខាងជើងនិងជួយប្រជាជនស្ថេរភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស៕
Vu Khuyen