នីហ្សេ៖ កងទ័ពត្រូវបានដាក់ក្នុងស្ថានភាពត្រៀមប្រយុទ្ធកម្រិតខ្ពស់បំផុត
(VOVWORLD) -ការប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុតទើបតែត្រូវបានរបបយោធានៃប្រទេសនីហ្សេចេញផ្សាយកាលពីថ្ងៃទី ២៦ ខែសីហា សម្រាប់កងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ ដើម្បីធានាការត្រៀមខ្លួនឆ្លើយតបទៅនឹងសេណារីយ៉ូនៃការវាយប្រហារដោយយោធាពីខាងក្រៅ។
កងទ័ពនីហ្សេត្រូវបានដាក់ក្នុងស្ថានភាពត្រៀមប្រយុទ្ធ កម្រិតខ្ពស់បំផុត។ រូបថត៖ AFP/Getty Images |
ក្នុងការប្រកាសអាសន្ននេះ របបយោធាបានបញ្ជាក់ថា ការគំរាមកំហែងប្រឆាំងនឹងប្រទេសនីហ្សេកំពុងតែកើនឡើង។ ដូច្នេះហើយ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាការត្រៀមខ្លួនប្រយុទ្ធនៅកម្រិតខ្ពស់បំផុត ដើម្បីធានាថា ពួកគេអាចឆ្លើយតបភ្លាមៗចំពោះការវាយប្រហារពីខាងក្រៅ និងជៀសវាងភាពអកម្មក្នុងស្ថានភាពបន្ទាន់។
ស្ថានភាពអាសន្នត្រូវបានប្រកាសក្នុងបរិបទដែលសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) ទើបតែបានបញ្ជាក់សារជាថ្មីថា គេមិនច្រានចោលលទ្ធភាពនៃការចាត់វិធានការយោធាចូលប្រទេសនីហ្សេ ដើម្បីស្ដារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនោះទេ។ ប្រធានគណៈកម្មាធិការ ECOWAS លោក Omar Alieu Touray បានសង្កត់ធ្ងន់ថា អន្តរាគមន៍យោធានៅតែជាជម្រើសមួយដែល ECOWAS កំពុងពិភាក្សា បើទោះបីជាលោកបានបដិសេធថា ប្លុកនេះបានរៀបចំផែនការវាយប្រហារប្រទេសនីហ្សេរួចហើយក៏ដោយ។
កាលពីថ្ងៃទី ២៦ ខែសីហាដែរ ប្រជាជននីហ្សេរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងក្រៅមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey ដើម្បីបង្ហាញការគាំទ្រដល់របបយោធា និងទាមទារឱ្យបញ្ចប់ទាំងស្រុងនូវវត្តមានរបស់កងទ័ពបារាំងនៅក្នុងប្រទេសនីហ្សេ៕