បិទសន្និបាតលើកទី ៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

(VOVWORLD) - បន្ទាប់ពីរយៈពេល ៧ ថ្ងៃធ្វើការ (ថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែតុលា) នៅព្រឹកថ្ងៃទី ៨ តុលា នៅទីស្នាក់ការមជ្ឈិមបក្ស សន្និបាតលើកទី ៨ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បិទបញ្ចប់ក្រោមអធិបតីភាព អគ្គលេខាបក្ស លោក Nguyen Phu Trong។

បិទសន្និបាតលើកទី ៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងសុន្ទរកថាបិទសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១៣។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាបិទសន្និបាត អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា អង្គសន្និបាតបានឯកភាពថា ទោះបីជាស្ថានភាពពិភពលោក និងក្នុងស្រុកមានការលំបាក និងបញ្ហាប្រឈមមិនធម្មតាជាច្រើន ស្មុគស្មាញជាងការព្យាករណ៍ក៏ដោយ ប៉ុន្តែវៀតណាមសំរេចបានលទ្ធផលសំខាន់ៗជាច្រើនលើវិស័យជាច្រើន។ ដោយឈរលើមូលដ្ឋាននោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើការងារដែលត្រូវការអនុវត្តន៍ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំ២០២៤ ដែលជាឆ្នាំមានសារៈសំខាន់ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស៖

“យើងត្រូវបន្តអនុវត្តន៍ឲ្យបានប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពនូវគោលជំហរ គោលនយោបាយ គោលដៅ និងភារកិច្ចដែលត្រូវបានមជ្ឈិមពិភាក្សាយ៉ាងហ្មត់ចត់និងឯកភាពដាក់ចេញនៅក្នុងសេចក្តីសន្និដ្ឋាននៃសន្និបាតលើកនេះ។ ផ្តល់អាទិភាពលើការជំរុញ និងលើកកម្ពស់គុណភាពកំណើន ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ពលករ  ដោយឈរលើមូលដ្ឋាននៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធានាសមតុល្យសេដ្ឋកិច្ចសំខាន់ៗ និងសុខុមាលភាពសង្គម។ បន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពអន្តរជាតិ និងក្នុងស្រុក ដើម្បីធ្វើការសម្រេចចិត្តឲ្យទាន់ពេលវេលា សមស្រប និងប្រកបដោយប្រសិទ្ធភាព; ខិតខំ សម្រេចបានកម្រិតខ្ពស់បំផុតនៃគោលដៅសំខាន់ៗសម្រាប់ឆ្នាំ ២០២៣ និងអាណត្តិនីតិកាលទី ១៣ ទាំងមូល”។

អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា គណៈកម្មាធិការ មជ្ឈិមបក្សបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការបន្តផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គមជាមួយនឹងខ្លឹមសារជាច្រើនដែលមានការទទួលមរតក ច្នៃប្រឌិត បំពេញបន្ថែម និងការអភិវឌ្ឍសំខាន់ៗបើធៀបនឹងសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១១ (ឆ្នាំ ២០១២)។ សេចក្ដីសម្រេចចិត្តថ្មីនេះបានពង្រីកដល់គ្រប់គោលនយោបាយសង្គម ដោយផ្តោតលើការច្នៃប្រឌិត ការកែលម្អគុណភាពនៃគោលនយោបាយសង្គម ដើម្បីបំពេញតម្រូវការនៃការកសាង និងការពារមាតុភូមិរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ មជ្ឈិមបានកំណត់ភារកិច្ច ដំណោះស្រាយថ្មីចំនួន ១០ ក្រុមដែលច្បាមជាប់នឹងស្ថានភាពជាក់ស្តែង ហើយមានលក្ខណៈអាចធ្វើទៅបានខ្ពស់។

បិទសន្និបាតលើកទី ៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំបិទ។ (រូបថត៖ VOV)

ទាក់ទិននឹងការបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី១១ (ឆ្នាំ២០១៣) ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី គណៈកម្មាធិការមជ្ឈិមបក្សបានអះអាងជាឯកច្ឆ័ន្ទថា ក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ននិងនាពេលខាងមុខ វៀតណាមត្រូវ ចេញផ្សាយនិងរៀបចំការអនុវត្តឲ្យបានល្អនូវសេចក្តីសម្រេចចិត្តថ្មីរបស់មជ្ឈិមស្ដីពីភារកិច្ចយុទ្ធសាស្ត្រដ៏សំខាន់ពិសេសនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា៖

“ស្ថានភាពថ្មីទាមទារឱ្យយើងត្រូវរក្សាយ៉ាងរឹងមាំនិងពង្រឹងការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ ការគ្រប់គ្រង និងប្រតិបត្តិការដោយប្រមូលផ្ដុំ និងឯកភាពរបស់រដ្ឋ ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ; ពឹងផ្អែកលើប្រជាជន យក "ប្រជាជនជាឫសគល់" បំផុស ពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន ប្រពៃណីវប្បធម៌ សេចក្ដីស្នេហាជាតិ កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល កសាង "ប្រៀបដោយទឹកចិត្តប្រជាជន" យក “ការគាំទ្ររបស់ប្រជាជន” ជាកត្តាដែលសម្រេចគ្រប់ជ័យជម្នះក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ផ្តោតលើការធានាជាអតិបរមានូវផលប្រយោជន៍របស់ប្រទេសជាតិ-ប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក។ ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម; តាំងចិត្ត ខិតខំព្យាយាម ម្ចាស់ការបង្កើតឱកាស ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីl រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ”។

នៅសន្និបាតលើកនេះ មជ្ឈិមក៏បានសម្រេចជាឯកច្ឆ័ន្ទបង្កើតអនុគណៈកម្ម ការចំនួន ៥ ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ