ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

(VOVWORLD) - គេហទំព័រទំព័រ Guardian.com (ចក្រភពអង់គ្លេស) នាថ្ងៃទី ២០ ខែមិថុនា មានអត្ថបទ “រុស្ស៊ី និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin” បានឲ្យដឹងថា នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១១ ក្នុងវិស័យផ្សេងៗគ្នា។ 
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  - ảnh 1ប្រធានរដ្ឋលោក To Lam និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ (រូបថត៖ Nhan Sang/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Putin បានមានប្រសាសន៍ថា កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមានលក្ខណៈស្ថាបនា ហើយភាគីទាំងពីរមានទស្សនៈស្រដៀងគ្នាលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន។ គេហទំព័រ France24.com (បារាំង) ក៏បានបង្ហោះខ្លឹមសារស្រដៀងគ្នានេះដែរ ដោយអត្ថបទ “ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ី”។

ស្ថានីយ៍វិទ្យុអាឡឺម៉ង់ DW បានរាយការណ៍ពីការពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដែលផ្តោត លើវិស័យសេដ្ឋកិច្ច អប់រំ និងថាមពល។ 

កាសែត South China Morning Post (ចិន) មានអត្ថបទមួយបង្ហាញពីការចាប់អារម្មណ៍ ចំពោះភាពរួសរាយរាក់ទាក់ដែលប្រជាជនវៀតណាមមានចំពោះថ្នាក់ដឹកនាំរុស្ស៊ី។

កាសែត Washington Post (សហរដ្ឋអាមេរិក) ក៏បានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីមកកាន់ប្រទេសវៀតណាមផងដែរ។ អត្ថបទនេះបានដកស្រង់ការវាយតម្លៃរបស់សាស្ត្រាចារ្យ Alexander Vuving នៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាសន្តិសុខនៅទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក ដោយនិយាយថា វៀតណាមជាប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រក្នុងតំបន់កំពុងទាក់ទាញចំណាប់អារម្មណ៍របស់មហាអំណាចពិភពលោកកាន់តែខ្លាំងឡើង។

ទន្ទឹមនឹងនោះ អត្ថបទមួយរបស់ទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក) បានឲ្យដឹងថា វៀតណាមដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ អត្ថបទនេះក៏បានលើកឡើងអំពីការទូត “ដើមឬស្សីវៀតណាម”។ ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ប្រទេសវៀតណាមបានទទួលស្វាគមន៍មេដឹកនាំនៃប្រទេសធំៗជាច្រើនក្នុងនោះមានប្រធានាធិបតីអាមេរិកលោក Joe Biden, ប្រធានាធិបតីចិនលោក Xi Jinping និងបច្ចុប្បន្នប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ