ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសង្កត់ធ្ងន់លើគោលនយោបាយកំណែទម្រង់និងកំណើនរបស់វៀតណាម
(VOVWORLD) - សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នាអំពីសម័យបិទមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ខែមករា នៅទីក្រុងហាណូយ។
គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម បង្ហាញមុខចំពោះ មហាសន្និបាត។ រូបថត៖ VOV |
ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ និងអន្តរជាតិជាច្រើន ក្នុងនោះមានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ កាសែត Laotian Times និងសារព័ត៌មានលោកខាងលិចដូចជា Bloomberg និង AFP បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានជ្រើសតាំងជាឯកច្ឆ័ន្ទលោក តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បន្តកាន់តំណែងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។ នេះត្រូវបានចាត់ទុកថា ជាការបង្ហាញយ៉ាងច្បាស់ ការឯកភាពខ្ពស់នៅក្នុងបក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកដល់ការធានាស្ថិរភាព និងនិរន្តរភាពក្នុងការដឹកនាំប្រទេសជាតិ។
មតិសាធារណៈអន្តរជាតិក៏បានយកចិត្តទុកដាក់ដល់ការដែលមហាសន្និបាតលើកទី ១៤ បានសុក្រិតការិយាល័យនយោបាយសម្រាប់អាណត្តិថ្មី ដោយមានរចនាសម្ព័ន្ធដែលត្រូវបានចាត់ទុកថារួមបញ្ចូលគ្នាយ៉ាងសុខដុមរមនា មានលក្ខណៈមរតក និងនវានុវត្តន៍ ដោយបំពេញតាមតម្រូវការភាពជាអ្នកដឹកនាំនៅក្នុងបរិបទដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ឆ្ពោះទៅទំនើបកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
សារព័ត៌មាន AP (អាមេរិក) បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស តូ ឡឹម វៀតណាមបានអនុវត្តកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយបំផុតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេស បានចាប់ផ្តើម កិច្ចការផ្លាស់ប្តូរថ្មី និងការបើកចំហសេដ្ឋកិច្ច។
យោងតាម AFP (បារាំង) ការដែលលោកអគ្គលេខាបក្សតូ ឡឹម ជាប់ឆ្នោតសារជាថ្មីកាន់តំណែងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤ បង្ហាញពីការគាំទ្ររបស់បក្សកុម្មុយនិស្តវៀតណាមចំពោះទិសដៅជំរុញកំណើន និងតម្រង់ទិសកំណែទម្រង់ដែលខ្លួនបានដាក់ចេញ។ AFP បានចាត់ទុកថា ក្នុងអំឡុងពេលកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ អគ្គលេខាបក្ស លោក តូ ឡឹម បានជំរុញកំណែទម្រង់ជាច្រើន សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំ ដែលត្រូវបានពិពណ៌នាថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ។
ទីភ្នាក់ងារ Bloomberg បានអត្ថាធិប្បាយថា អគ្គលេខាបក្ស លោក តូ ឡឹម បានជំរុញការកែសម្រួល និងកំណែទម្រង់សំខាន់ៗជាច្រើន នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលចាត់ទុកថាជាការផ្លាស់ប្តូរដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ សំដៅកែលម្អប្រសិទ្ធភាពអភិបាលកិច្ច និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ជារួម ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានវាយតម្លៃថា ការដែលមហាសន្និបាតលើកទី ១៤ របស់បក្ស បង្ហើយរបៀបវារៈ សុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងការអនុម័តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារនៃស្ថិរភាពនយោបាយ ឯកភាពផ្ទៃក្នុង និងទិសដៅអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអាណត្តិថ្មី៕