មជ្ឈិមបូព៌ា៖ អាមេរិកដាស់តឿនឱ្យអ៊ីស្រាអែលធានាសុវត្ថិភាពសម្រាប់កងកម្លាំង អ.ស.ប នៅប្រទេស​លីបង់

(VOVWORLD) -  រដ្ឋមន្ត្រីការពារជាតិអាមេរិក និងមេដឹកនាំ MED៩ បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅមជ្ឈិមបូព៌ា ដោយដាស់តឿនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ដើម្បីដោះស្រាយជម្លោះ។ ប្រទេសបារាំង អេស្បាញ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសកងទ័ពអ៊ីស្រាអែលពីការវាយប្រហារលើ UNIFIL ។

កាលពីថ្ងៃទី ១១ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានពិភាក្សាជាមួយសមភាគីអ៊ីស្រាអ៊ែល លោក Yoov Gallant និងបានជំរុញឱ្យលោក Gallant ធានាសុវត្ថិភាពសម្រាប់កងកម្លាំងសន្តិភាពបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNIFIL) ក្នុងប្រទេសលីបង់ បន្ទាប់ពីឧប្បត្តិហេតុដែលបុគ្គលិករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនពីររូប បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃទី១១តុលា។ រដ្ឋមន្ត្រី Austin ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីផ្លាស់ប្តូរទិសពីប្រតិបត្តិការយោធាទៅវិធីការទូតឱ្យបានឆាប់ៗ។

មជ្ឈិមបូព៌ា៖ អាមេរិកដាស់តឿនឱ្យអ៊ីស្រាអែលធានាសុវត្ថិភាពសម្រាប់កងកម្លាំង អ.ស.ប នៅប្រទេស​លីបង់ - ảnh 1អគារត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Wardaniyeh ប្រទេសលីបង់កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ THX/TTXVN

មុននោះ UNIFIL បានប្រកាសថា យ៉ាងហោចណាស់ មានបុគ្គលិករក្សាសន្តិភាពរបស់អ.ស.ប ចំនួនពីរនាក់បានរងរបួសនៅក្នុងការបំផ្ទុះចំនួនពីរ នៅជិតកន្លែងសង្កេតការណ៍មួយនៅភាគខាងត្បូងប្រទេសលីបង់។ កងទ័ពអ៊ីស្រាអែល (IDF) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុខាងលើ ហើយបានសារភាពថា បុគ្គលិករក្សាសន្តិភាពអ.ស.បទាំងពីររូប បានរងរបួសដោយសារការបាញ់ប្រហារពីភាគីអ៊ីស្រាអែល។

នាថ្ងៃដដែលនោះ ប្រទេសបារាំង អេស្បាញ និងអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសកងទ័ពអ៊ីស្រាអែលពីការវាយប្រហារលើ UNIFIL នៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ការវាយប្រហារលើ UNIFIL មិនសមហេតុផលទេ ហើយត្រូវតែបញ្ចប់ភ្លាមមួយរំពេច។

នៅក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់កិច្ចប្រជុំកំពូលលើកទី១១ នៃប្រទេសសមាជិក EU ទាំង ៩ នៅតំបន់មេឌីទែរ៉ាណេ (MED៩) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Paphos ប្រទេស Cyprus កាលពីថ្ងៃទី ១១ តុលា មេដឹកនាំ MED៩ ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅមជ្ឈិមបូព៌ា និងបានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ដើម្បីដោះស្រាយជម្លោះ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ ក្រុមហេសបូឡាហ៍កំពុងត្រៀមរៀបចំសម្រាប់សង្រ្គាមអូសបន្លាយនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ បន្ទាប់ពីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ