មេដឹក​នាំកំពូល​អ៊ីរ៉ង់បញ្ជាក់ជាផ្លូវការថា លោក Masoud Pezeshkian កាន់តំណែងជាប្រធានាធិបតីថ្មី​របស់​អ៊ីរ៉ង់

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកក្កដា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាក់ជាផ្លូវការថា លោក Masoud Pezeshkian ជាប្រធានាធិបតីទី ៩ នៃសាធារណរដ្ឋអ៊ីស្លាមនេះ។ ពិធីទទួលស្គាល់ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Tehran ដោយមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងអ្នកការទូតបរទេស ហើយត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។

បន្ទាប់ពីត្រូវបានទទួលស្គាល់ជាផ្លូវការដោយមេដឹកនាំកំពូល លោក Pezeshkian បានថ្លែងអំណរគុណចំពោះមេដឹកនាំកំពូល Ali Khamenei និងប្រជាជនអ៊ីរ៉ង់ ដោយបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាន់មុខតំណែងថ្មី។ ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ត្រូវបានរំពឹងថានឹងស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភារបស់ប្រទេសនេះ នៅថ្ងៃទី ៣០ ខែកក្កដា។

មេដឹក​នាំកំពូល​អ៊ីរ៉ង់បញ្ជាក់ជាផ្លូវការថា លោក Masoud Pezeshkian កាន់តំណែងជាប្រធានាធិបតីថ្មី​របស់​អ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោក Masoud Pezeshkian។ រូបថត៖ IRNA/TTXVN

យោងតាមផែនការដើម អ៊ីរ៉ង់នឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតត្រូវបានរុញទៅមុខបន្ទាប់ពីប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ១៩ ខែឧសភា នៅក្នុងតំបន់ភ្នំនៅភាគពាយព្យនៃប្រទេសនេះ។ នៅថ្ងៃទី ២០ ខែឧសភា មេដឹកនាំកំពូល Ali Khamenei បានតែងតាំងអនុប្រធានាធិបតីទីមួយ លោក Mohammad Mokhber ជាប្រធានាធិបតីបណ្តោះអាសន្ន។ យោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ ប្រធានាធិបតីបណ្តោះអាសន្នត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ក្នុងរយៈពេលអតិបរមា ៥០ ថ្ងៃ។ លោក Mokhber បានសម្រេចមិនឈរឈ្មោះសម្រាប់ការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ