មតិអន្តរជាតិកោតសរសើរស្នាដៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោកមានអត្ថបទជាច្រើនអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយលើកឡើងពីការរួមវិភាគទានរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងការងារកសាងប្រទេសជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយមានគោលនយោបាយការបរទេសឈ្លាសវៃ ជួយលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីមានអត្ថបទមួយដោយកោតសរសើរលោកអគ្គលេខាបក្ស Nguyen Phu Trong ជាយុទ្ធជនកុម្មុយនិស្តដ៏ស្មោះស្ម័គ្រ ដែលបានលះបង់អស់មួយជីវិតនិងបុព្វហេតុដើម្បីប្រទេសជាតិ និងប្រជាជន ហើយត្រូវបានគោរពស្រលាញ់ទាំងក្នុងនិងក្រៅប្រទេស។ អត្ថបទបានដកស្រង់សម្តីរបស់លោក Gennady Ziuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីដោយបញ្ជាក់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីធានាថា ប្រជាជនវៀតណាមអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយប្រទេសជាតិទទួលបានលទ្ធផលល្អប្រសើរជាច្រើន។ លោកក៏បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong។ រូបថត៖ baochinhphu.vn |
នៅក្នុងអត្ថបទ “ការបាត់បង់ដែលមិនអាចបំពេញបានសម្រាប់គុយបា” ទីភ្នាក់ងារសារព័ត៌មាន Prensa Latina បានសម្តែងថា ប្រទេសគុយបានឹងចងចាំជានិច្ចចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ជារៀមច្បងដ៏ឧត្តុង្គឧត្តម ដែលបានជំរុញដោយមិនចេះនឿយហត់នូវទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ មិនត្រឹមតែជាថ្នាក់ដឹកនាំឆ្នើមរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ សញ្ញាសំគាល់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានដក់ជាប់យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ ជាមួយនឹងរូបភាពជាថ្នាក់ដឹកនាំជានិច្ចកាលដើម្បីប្រទេសជាតិ ប្រជាជន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជាមួយមិត្ត និងដៃគូទាំងអស់នៅលើពិភពលោក៕