មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព័ត៌មានលម្អិតអំពីថ្ងៃធ្វើការដំបូង
(VOVWORLD) - ថ្ងៃធ្វើការដំបូងសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀត ណាម ដែលបានប្រារព្ធឡើងនាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយធំៗនៅទូទាំងពិភពលោក។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំត្រៀមសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ nhandan.vn) |
ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានសង្កត់ធ្ងន់លើអត្ថន័យគន្លឹះនៃមហាសន្និបាត ដោយបានបញ្ជាក់ពីអាទិភាពសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដូចជាការលើកកម្ពស់វិស័យឯកជន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំឲ្យឈានដល់ ១០% ឡើងទៅ ក្នុងដំណាក់កាលឆ្នាំ២០២៦- ២០៣០។ ទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក) ក៏បានផ្ដល់ព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់នេះរបស់ប្រទេសវៀតណាម និងខ្លឹមសារស្នូលដែលត្រូវបានអង្គសន្និបាតលើកយកមកពិភាក្សាផងដែរ។
កាសែត Financial Times (អង់គ្លេស) បានធ្វើអត្ថាធិប្បាយថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចវៀតណាម - ជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានអត្រាកំណើនលឿនបំផុតនៅលើពិភពលោក - កំពុងសម្របខ្លួនទៅនឹងភាពតានតឹងពាណិជ្ជកម្មសកល និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃបរិយាកាសសេដ្ឋកិច្ចអន្តរជាតិ។ យោងតាមកាសែត Financial Times ការកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ការលើកកំពស់តួនាទីរបស់សេដ្ឋកិច្ចឯកជន និងគោលដៅកំណើនពីរខ្ទង់ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការសម្រេចសេចក្ដីប្រាថ្នាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។
ទាក់ទងនឹងសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច កាសែត China Daily (ចិន) បានធ្វើអត្ថា
ធិប្បាយថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងនៅពេលដែលវៀតណាមកំពុងលេចចេញជា "ចំណុចភ្លឺនៃកំណើន" នៅអាស៊ី
អាគ្នេយ៍។ កាសែតនេះបានដកស្រង់តួរលេខដែលបង្ហាញថា វៀតណាមសម្រេចបានកំណើន GDP ជាង ៨% កាលពីឆ្នាំមុន - ជាកម្រិតខ្ពស់បំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ហើយបានអះអាងថា ឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាត បានដាក់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូងនៅទីតាំងស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ៕