លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Helga Margarete
(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Helga Margarete ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិការងារនៅវៀតណាម។
(រូបថត៖ VGP) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងសេចក្តីសោមនស្សរីករាយដោយឃើញថាក្រោយរយៈពេលជិត ៥ ទស្សវត្សរ៍មក ទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ជាមួយនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២៣ សម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលអាល្លឺម៉ង់បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ និងធ្វើការប្រកបដោយស្ថិរភាពនៅប្រទេសអាល្លឺម៉ង់។ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យភាគីទាំងពីរទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ស្នើឱ្យរដ្ឋសភាអាល្លឺម៉ង់អនុម័តក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ជំរុញឱ្យគណៈកម្មការអឺរ៉ុបឆាប់ដកកាតលឿង IUU សម្រាប់ជលផលវៀតណាម ហើយបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Helga Margarete បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់ក្នុងតំបន់ ហើយសន្យានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាមបន្ទាប់ពីព្យុះទីហ្វុង Yagi ហើយបាននិយាយថា អាល្លឺម៉ង់នឹងបន្តជួយគាំទ្រវៀតណាមតាមរយៈយន្តការពហុភាគី។
ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានរំលេចនូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយបានឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕