លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅ សម័យប្រជុំ "ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព" នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 បើកទូលាយ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) បើកទូលាយ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នាព្រឹកថ្ងៃទី ២១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ “ឆ្ពោះទៅរកពិភព
លោកសន្តិភាព ស្ថិរភាព និងវិបុលភាព” ព្រមទាំងមានសកម្មភាពសំខាន់ៗជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅ សម័យប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំ “ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព”។ (រូបថត៖ Duong Giang/VNA)

ក្នុងសុន្ទរកថានៅសម័យប្រជុំ “ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលេចសាររបស់វៀតណាមស្តីពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវវិធីអភិក្រមទូទៅអំពីបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ; សន្តិភាពជាមូលដ្ឋានគ្រឹះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាកម្លាំងចលករ ការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅ។ វៀតណាមនឹងធ្វើអស់ពីសមត្ថភាព រួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ។ វៀតណាមមានបំណងចង់បញ្ឈប់ជម្លោះ មិនប្រើប្រាស់ និងគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គោរពអធិបតេយ្យភាព បូរណភាពដែនដី ធានាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងសន្តិសុខមនុស្ស។

ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់លើសារថា ស្មារតីគោរពច្បាប់ជាគោល គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី គួរតែត្រូវបានប្រកាន់ខ្ជាប់និងអនុវត្តន៍ដោយការសន្យាជាក់លាក់; អំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងគ្រប់ជម្លោះទាំងអស់ដោះស្រាយតាមរយៈការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។ សម្រាប់តំបន់ លោកនាយករដ្ឋមន្ត្រីមានបំណងថា បណ្ដាប្រទេស នឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅការសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ក៏បានស្នើឱ្យភាគីនានារក្សាអំណត់ធ្មត់ មិនមានសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងរំលោភបំពានលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសពាក់ព័ន្ធដែលត្រូវបានកំណត់ដោយ UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ