វៀតណាមគាំទ្រវិធានការប្រយុទ្ធប្រឆាំងភេរវកម្ម

(VOVWORLD) - វៀតណាមគាំទ្រវិធានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។ ជាមួយនឹង អត្ថន័យនោះ វៀតណាមប្រឆាំងជំទាស់នឹងការអនុវត្តស្តង់ដារទ្វេរក្នុងការប្រយុទ្ធប្រឆាំង នឹងលទ្ធិភេរវកម្ម។

វៀតណាមគាំទ្រវិធានការប្រយុទ្ធប្រឆាំងភេរវកម្ម - ảnh 1លោកស្រីភារធារី Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សា។ (រូបថត៖ VOV)

គណៈកម្មាធិការច្បាប់ (គណៈកម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី ៧៨បានបើកកិច្ចប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែតុលា ហើយបានពិភាក្សាអំពី “វិធានការលុបបំបាត់លទ្ធិភេរវកម្មអន្តរជាតិ” ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការអន្តរជាតិនិងតំបន់នានា។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សានេះ លោកស្រីភារធារី Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺថ្កោលទោសជាដាច់ខាតលើអំពើភេរវកម្មក្នុងទម្រង់ណាមួយ និងដោយហេតុផលណាមួយ។ វៀតណាមគាំទ្រវិធានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។ ជាមួយនឹងអត្ថន័យនោះ វៀតណាមប្រឆាំងជំទាស់នឹងការអនុវត្តស្តង់ដារទ្វេរក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ ទាក់ទិននឹងដំណោះស្រាយដើម្បីឆ្លើយតបនឹងលទ្ធិភេរវកម្មប្រកបដោយប្រសិទ្ធភាព តំណាងវៀតណាមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយមូលហេតុឫសគល់នៃអំពើភេរវកម្ម កែលម្អវិសមភាពខាងសេដ្ឋកិច្ច សង្គម និងនយោបាយ លើកកំពស់ភាពធន់នៃសហគមន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងថ្នាក់ជាតិ តំបន់ និងសកលផងដែរ។

និយាយអំពីករណីវាយប្រហារភេរវកម្មដែលបានកើតឡើងនៅឃុំ Cu Kuin ខេត្ត Dak Lak កាលពីខែមិថុនាកន្លងទៅ តំណាងប្រទេសវៀតណាមបានថ្លែងអំណរគុណដល់ដៃគូនានា ដោយបានថ្កោលទោសការវាយប្រហារនេះ; ទន្ទឹមនឹងនោះ ស្នើឱ្យប្រទេស និងអង្គការអន្តរជាតិពាក់ព័ន្ធ បន្តជួយឧបត្ថម្ភ និងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការស៊ើបអង្កេត និងកាត់ទោសមុខសញ្ញាដែលកំពុងរត់គេចខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ