វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Pham Sao Mai ចាត់ទុកថា ដើម្បីពង្រីកថែមទៀតនូវសក្តានុពល និងប្រៀបខ្លាំងនៃទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ ប្រទេសទាំងពីរត្រូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍យ៉ាងយកចិត្តទុកដាក់និងពេញលេញនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគី រួមទាំងលទ្ធផលសំខាន់ៗដែលសម្រេចបាននៅកិច្ចប្រជុំលើកទី ១៤ នេះ។

តបតាមការអញ្ជើញរបស់ទីប្រឹក្សារដ្ឋ ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន - វៀតណាម លោក Wang Yi សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលនិងជាប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន លោក Pham Binh Minh នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងចិន។ កិច្ចប្រជុំនេះនឹងត្រូវបានធ្វើឡើងនៅទីក្រុង ណាននីង តំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី១២ដល់ទី១៣ខែកក្កដា។

ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម ប្រចាំទីក្រុងប៉េកាំងក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិន លោក Pham Sao Mai បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh មានសារៈសំខាន់ខ្លាំងណាស់។

“ទីមួយ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការរក្សាការផ្លាស់ប្តូរ និងជួបប្រាស្រ័យយ៉ាងជិតស្និទ្ធរវាងបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត។ ទីពីរ នេះជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងវៀតណាមនិងចិនកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ ទីបី គឺការវាយតម្លៃជាទូទៅចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់តាំងពីកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-ចិន (ខែកញ្ញា ឆ្នាំ ២០២១) រហូតមកដល់បច្ចុប្បន្ន ពិភាក្សាអំពីទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយផ្តល់កម្លាំងចលករបន្ថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិននាពេលខាងមុខ”។

លោកឯកអគ្គរដ្ឋទូត Pham Sao Mai ចាត់ទុកថា ដើម្បីពង្រីកថែមទៀតនូវសក្តានុពល និងប្រៀបខ្លាំងនៃទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ ប្រទេសទាំងពីរត្រូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍យ៉ាងយកចិត្តទុកដាក់និងពេញលេញនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគី រួមទាំងលទ្ធផលសំខាន់ៗដែលសម្រេចបាននៅកិច្ចប្រជុំលើកទី ១៤ នេះ រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត; រួមគ្នាដោះស្រាយការលំបាកឧបសគ្គ ជំរុញខ្លាំងនិងលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា ដោយឈរលើប្រៀបខ្លាំង សក្តានុពល តម្រូវការ និងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរួមរបស់បក្សទងពីរ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិននឹងបន្តអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ