វៀតណាមជាក្រុមបាល់ទាត់តែមួយគត់នៃតំបន់អាស៊ីអាគ្នេយ៍ដែលឡើងទៅវគ្គ៨ក្រុមនៃពាន Asian Cup 2019
(VOVWORLD) - ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាក្រុមតែមួយ គត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលឡើងទៅវគ្គ៨ក្រុមនៃពានជើងឯកបាល់ទាត់ទ្វីបអាស៊ីឆ្នាំ២០១៩ (Asian Cup 2019) ក្រោយពីយកឈ្នះលើក្រុម ហ្ស៊កដានីក្នុងការប្រកួតកាលពី យប់ថ្ងៃទី២០ ខែមករា។ ក្រុមវៀតណាមបានឈ្នះដោយលទ្ធផលប៉េណាល់ទី ៤-២ បន្ទាប់ពីស្នើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោងធម្មតា៩០នាទីនិងបន្ថែម១៥នាទី ២ដង។
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមថ្លែងអំណរគុណចំពោះអ្នកគាំទ្រវៀតណាមនៅពហុកីឡាដ្ឋានបន្ទាប់ពីយកឈ្នះលើក្រុមហ្ស៊កដានី (រូបថត៖ VOV) |
បន្ទាប់ពីជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរនិងកោតសរសើរ ក្រុមកីឡាករទាំងអស់ដែលបានប្រកួតដោយស្មារតីជឿជាក់លើខ្លួនឯងនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកឈ្នះ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃ ខ្ពស់ក្រុមបាត់ទាត់ជម្រើសជាតិវៀតណាមដែលបានបង្ហាញអោយទស្សនិកជន និងអ្នកគាំទ្រទាំងអស់ឃើញការប្រកួតគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងដើម្បី ដណ្ដើមបានសំបុត្រឡើងទៅវគ្គ៨ក្រុម។
ក្នុងឱកាសនេះដែរ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបាន ប្រគល់ប្រាក់រង្វាន់ចំនួន១ពាន់លានដុងជូនក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ ធនាគារនិងសហគ្រាសធំៗជាច្រើននៅក្នុងប្រទេសក៏សម្រេចប្រគល់ប្រាក់ រង្វាន់រាប់ពាន់លានដុងបន្ថែមទៀតជូនចំពោះក្រុមផងដែរ។
ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានធ្វើអោយអ្នកគាំ ទ្របាល់ទាត់ទូទាំងប្រទេសមានការរំភើបចិត្តយ៉ាងខ្លាំង។ លោក Trinh Quang Thang អ្នកគាំទ្រម្នាក់នៅរដ្ឋធានីហាណូយ បានចែករំលែកថា៖
“ខ្ញុំពេញចិត្តដោយសារតែយើងបានសម្រេចគោលដៅគឺឆ្លងកាត់វគ្គប្រកួតតាមពូល ហើយក្រុមបានបន្តយកឈ្នះដើម្បីឈានដល់វគ្គ៨ក្រុមចុងក្រោយ។ ក្នុង ការប្រកួតលើកនេះ ក្រៅពីកីឡាករទាំងអស់ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង បំផុតចំពោះគ្រូបង្វឹកក្រុមជនជាតិកូរ៉េខាងត្បូងលោក Park Hang-seo”។
ក្នុងការប្រកួតវគ្គ៨ក្រុម ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប៉ះ ជាមួយក្រុមយកឈ្នះក្នុងការប្រកួតរវាងជប៉ុននិងអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី២៤ ខែមករា ខាងមុខនេះ៕