វៀតណាមជាម្ចាស់រៀបចំសន្និសីទកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - សន្និសីទនេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយជាព្រឹត្តិការណ៍សំខាន់មួយនៃចលនាក្នុងតំបន់។
សមាគមកាកបាទក្រហមហាណូយបានប្រគល់អំណោយសំខាន់ៗជាច្រើនដល់ប្រជាជនក្នុង “សង្កាត់លាងឈាម” (រូបឯកសារ៖ Thanh Tung/TTXVN) |
សមាគមកាកបាទក្រហមវៀតណាមនៅថ្ងៃទី ២៩ តុលានេះបានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា សមាគមកាកបាទក្រហមវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ១១ (AP-១១) ដោយប្រធានបទ “អាស៊ី-ប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ”។ សន្និសីទនេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយជាព្រឹត្តិការណ៍សំខាន់មួយនៃចលនាក្នុងតំបន់។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈប្រតិភូក្នុងស្រុក និងអន្តរជាតិប្រមាណ ៤០០ នាក់បានចូលរួមក្នុងសកម្មភាពដូចជា៖ វេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ពង្រឹងសមត្ថភាពធន់៖ ការបំផុសគំនិតអ្នកដឹកនាំយុវជនដើម្បីជំរុញការត្រៀមខ្លួនឆ្លើយតបគ្រោះមហន្តរាយ”; សន្និសីទអន្តរជាតិលើកទី១១ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។
យោងតាមលោក Nguyen Duc Khai ប្រធានការិយាល័យមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការស្តីពីភស្តុភារ-កៀរគរប្រភពធនធាននៃសន្និសីទ AP-១១ សន្និសីទនេះគឺជាឱកាសមួយដើម្បីឧទ្ទេសនាមអំពីប្រទេសជាតិ សមិទ្ធិផលនានារបស់ប្រទេសជាតិ និងប្រជាជនវៀតណាម ជំរុញសកម្មភាពសហប្រតិបត្តិការអភិវឌ្ឍន៍របស់សមាគមជាមួយដៃគូ អង្គការអន្តរជាតិ និងអាជីវកម្មនៅវៀតណាម។ ពីទីនោះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម និងការទទួលខុសត្រូវរបស់សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ៕