វៀតណាម-ថៃខិតខំនាំទំហំពាណិជ្ជកម្មដល់២៥ពាន់លានដុល្លារទៅ៣០ពាន់លានដុល្លារក្នុងពេលឆាប់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាលទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha។

វៀតណាម-ថៃខិតខំនាំទំហំពាណិជ្ជកម្មដល់២៥ពាន់លានដុល្លារទៅ៣០ពាន់លានដុល្លារក្នុងពេលឆាប់ៗ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃលោក  Prayut Chan-o-cha អញ្ជើញជួបពិភាក្សាការងារ (រូបថត៖ Thong Nhat/TTXVN)

ឯកសារកិច្ចសហប្រតិ បត្តិការដែលបានចុះហត្ថលេខារវាងវៀតណាម និងថៃ រួមមាន៖

-កម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តបង្កើនសម្រាប់ដំណាក់កាល ២០២២- ២០២៧;

-កិច្ចព្រមព្រៀងស្តីពីការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី។

-អនុស្សរណៈនៃការ យោគយល់គ្នា បង្កើតទំនាក់ទំនងសហប្រតិ បត្តិការ និងមិត្តភាពរវាងទីក្រុង Da Nang និងខេត្ត Khonken ប្រទេសថៃ;

-អនុស្សរណៈនៃការ យោគយល់គ្នារវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងគណៈកម្មការពាណិជ្ជកម្មថៃ;

- កិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិ យោគទ្វេភាគីរវាងធនា គារពាណិជ្ជភាគហ៊ុនរួមសម្រាប់ពាណិជ្ជកម្មបរទេសវៀតណាម និងធនាគារនាំចេញ-នាំចូលថៃ។

ពិភាក្សាអំពីទិសដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត; ប្ដេជ្ញាខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឆាប់សម្រេចបានគោលដៅពី ២៥ ពាន់លានទៅ ៣០ ពាន់លានដុល្លារ ក្នុងទិសដៅតុល្យភាព; ពង្រឹងការតភ្ជាប់លើគ្រប់វិស័យ; គាំទ្រធនាគារកណ្តាលនៃប្រទេសទាំងពីរ អនុវត្តដោយជោគជ័យនូវគម្រោងនៃការតភ្ជាប់ការទូទាត់លក់រាយទ្វេភាគីដោយប្រើលេខកូដ QR។ វៀតណាមលើកទឹកចិត្តឱ្យអាជីវកម្មថៃវិនិយោគ លើថាមពលបៃតង យានយន្ត អាហារកែច្នៃ វាយនភ័ណ្ឌ សម្ភារៈអេឡិចត្រូនិក សារធាតុគីមី និងហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម។ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសថៃ និងវៀតណាមដែលប្រសើរឡើង តាមរយៈយុទ្ធសាស្ត្រ “ការតភ្ជាប់បី” រួមមានៈ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ តភ្ជាប់វិស័យសេដ្ឋកិច្ចមូលដ្ឋាន តភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូររវាងប្រជាជន និងពង្រឹងការបង្រៀនភាសាថៃនៅវៀតណាម និងភាសាវៀតណាមនៅប្រទេសថៃ។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងសហការគ្នាដើម្បីលើកកម្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសាមគ្គីភាព ការពឹងផ្អែកលើខ្លួនឯង ពង្រីកតួនាទីជាមជ្ឈភាព; ការកសាងអនុតំបន់មេគង្គដែលតភ្ជាប់ សន្តិភាព និងវិបុលភាព; រក្សាគោលជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

វៀតណាម-ថៃខិតខំនាំទំហំពាណិជ្ជកម្មដល់២៥ពាន់លានដុល្លារទៅ៣០ពាន់លានដុល្លារក្នុងពេលឆាប់ៗ - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃលោក Prayut Chan-o-cha ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹងវៀតណាម-ថៃ រវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។ រូបថត៖ Thong Nhat/TTXVN)

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី ថៃ លោក Prayut Chan-o-cha បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនប្រាំ។

 បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានជួបជាមួយសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ច និងចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងសារ “អបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ៖ បើកទំព័រថ្មីនៃយុទ្ធសាស្ត្រកាន់តែរឹងមាំ ភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា”។

បន្ទាប់ពីសន្និសីទកាសែតនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយា រួមជាមួយនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវភរិយាបានអញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មនៃប្រទេសទាំងពីរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវភរិយាបានរៀបចំពិធីជប់លៀងជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ