វៀតណាមបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០

(VOVWORLD) -  ឯកអគ្គរដ្ឋទូតលោក  Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ៣១ ខែមករា បានដឹកនាំកិច្ចប្រជុំដើម្បី បូកសរុបសកម្មភាពនានារបស់វៀតណាម ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករាឆ្នាំ ២០២០ និងចាប់ផ្តើមនៃអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ របស់ វៀតណាម។

វៀតណាមបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ នាថ្ងៃទី ៣១ ខែមករា (រូបថតៈ TTXVN) 

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងនៃប្រទេសមួយចំនួន បានលើកឡើងថា ការទទួលយកតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងខែដំបូងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ប៉ុន្តែសមាជិកទាំងអស់ក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញភារកិច្ចនេះប្រកបដោយជោគជ័យ។ អង្គប្រជុំក៏បានវាយតម្លៃថា ព្រឹត្តិ ការណ៍ចំនួនពីរស្តីពីការលើកកម្ពស់ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ានគឺជាសញ្ញាណសំគាល់ដ៏មានសារៈសំខាន់នៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ មតិជាច្រើនបានជឿជាក់ថា  វៀតណាមបានបង្កើតរបៀបវារៈសមហេតុផល និងដោះស្រាយបញ្ហាស្មុគស្មាញដែលកើតឡើងដោយភាពរស់រវើក ព្រមទាំងកត់សម្គាល់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្តល់នូវព័ត៌មានជាប្រចាំ ស្តីពីការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ដល់ប្រទេសមិនមែនជាសមាជិក ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាលនិងសារព័ត៌មាននានាអោយបានជ្រាបផងដែរ។

មុននេះ នាយប់ថ្ងៃទី ៣០ ខែមករា ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានរៀបចំពិធីជប់លៀង សម្រាប់បញ្ចប់ខែប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ដោយថ្លែងអំណរគុណដល់ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេ ខាធិការដ្ឋានអង្គការសហប្រជាជាតិ ប្រទេសជាសមាជិក អ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ និងមិត្តភក្តិអន្តរជាតិដែលបានជួយវៀតណាមក្នុងការបំពេញតំណែងខែប្រធានប្រកបដោយជោគជ័យ។

សូមគូសបញ្ជាក់ថា ខែកុម្ភៈឆ្នាំ ២០២០ ប៊ែលហ្សិកជាប្រទេសសមាជិកបន្ទាប់ដែលកាន់តួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ