វៀតណាមពង្រឹងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែសីហា នៅទីក្រុង Quang Ngai (ខេត្ត Quang Ngai) បានប្រព្រឹត្តទៅពិធីបើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក ដោយវៀតណាមនិងដៃគូអន្តរជាតិមួយចំនួនរៀបចំឡើង។
លោក Vo Phien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ថ្លែងសុន្ទរកថាបើក (រូបថត៖ VOV) |
កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក (PP&PA) បានប្រព្រឹត្តទៅតាមរយៈកិច្ចសហការនៅវៀតណាម ដើម្បីពង្រឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលនៅទីក្រុង Quang Ngai កម្មវិធីនេះត្រូវបានរំពឹងថានឹងមានសកម្មភាពប្រហែល ៦០ ក្នុងក្រុមវិស័យចំនួន ៥ រួមមានៈ ទំនាក់ទំនង សុខាភិបាល ជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្តូរសហគមន៍...។សកម្មភាពប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែសីហា និងបញ្ចប់នៅថ្ងៃទី ៣០ ខែសីហា។ មានអ្នកចូលរួមប្រហែល ២០០ នាក់ រួមទាំងប្រតិភូមកពីអូស្ត្រាលី អង់គ្លេស ឈីលី កងកម្លាំងការពារជប៉ុន និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក។
ថ្លែងមតិក្នុងពិធីបើក លោកស្រី Susan Burns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពយូរអង្វែងដែលបានជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ការថែទាំសុខភាព និងការអប់រំ។ ចំណែកលោក Vo Phien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានសង្កត់ធ្ងន់ថា៖ “បន្ទាប់ពីជោគជ័យនៃកម្មវិធីទេវតាប៉ាស៊ីហ្វិក ឆ្នាំ ២០១៥មក យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ត្រូវបានរៀបចំនិងអនុវត្តនៅខេត្ត Quang Ngai។ សកម្មភាពរបស់កម្មវិធីរួមចំណែកពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។
យោងតាមលោក Colonel Daniel Keeler មេបញ្ជាការនៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក និងទេវតាប៉ាស៊ីហ្វិក ក្នុងក្របខ័ណ្ឌនៃកម្មវិធី អ្នកជំនាញវេជ្ជសាស្ត្រមកពីប្រទេសផ្សេងៗគ្នានឹងធ្វើការផ្លាស់ប្តូរ និងវគ្គបណ្តុះបណ្តាលនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនក្នុងខេត្ត Quang Ngai។ លើសពីនេះ អ្នកជំនាញអាមេរិកនិងវៀតណាម ក៏នឹងមានការពិភាក្សាលើការការពារភ្លើងឆេះព្រៃ ការបំផ្លាញឆ្នេរ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផងដែរ៕