វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) -  ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនធនធានហិរញ្ញវត្ថុជាបន្ទាន់ និងអនុវត្តដំណោះស្រាយដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីទប់ទល់នឹងការខាតបង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី ១៣ ខែកញ្ញា ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តាងនាមក្រុមស្នូល (រួមទាំងវៀតណាម បង់ក្លាដែស និងហ្វីលីពីន) បានថ្លែងមតិនៅក្នុងសម័យសន្ទនា ស្តីពីរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងផលប៉ះពាល់នៃការបាត់បង់និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ លើការទទួលបានសិទ្ធិមនុស្សយ៉ាងគ្រប់គ្រាន់។

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ។ រូបថត៖ TTXVN

ឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការធានាសិទ្ធិមនុស្សជាមូលដ្ឋាន។ ព្រឹត្តិការណ៍ថ្មីៗ ដូចជាផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាងហ្គី នៅវៀតណាម ហ្វីលីពីន និងចិន ជាមួយនឹងទឹកជំនន់ក្នុងប្រទេសបង់ក្លាដែស បង្ហាញយ៉ាងច្បាស់ពីការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីបាតុភូតអាកាសធាតុជ្រុល។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនធនធានហិរញ្ញវត្ថុជាបន្ទាន់ និងអនុវត្តដំណោះស្រាយដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីទប់ទល់នឹងការខាតបង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។

សម័យប្រជុំទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបើកនៅថ្ងៃទី ៩ ខែកញ្ញា អូសបន្លាយរយៈពេល ៥ សប្តាហ៍ គឺជាសម័យប្រជុំជាប្រចាំចុងក្រោយក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ