ស្មារតីអង់អាចក្លាហានរបស់ប្រជាជនវៀតណាមបំផុសគំនិតដល់ប្រជាជនស្រឡាញ់សន្តិភាពពិភពលោក
(VOVWORLD) - លោក Nguyen Ngoc Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងការអនុវត្តកម្មវិធីជាក់ស្តែងដើម្បីជំរុញសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។
អនុប្រធាន VUFO លោក Nguyen Ngoc Hung បានទទួលជួបប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក Pallab Sengupta។ រូបថត៖ qdnd.vn |
នារសៀលថ្ងៃទី៨ ឧសភា អនុប្រធានសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម (VUFO) លោក Nguyen Ngoc Hung បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Pallab Sengupta ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក អគ្គលេខាធិការ អង្គការសាមគ្គីភាពឥណ្ឌាទាំងមូល (AIPSO) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Ngoc Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងការអនុវត្តកម្មវិធីជាក់ស្តែង
ដើម្បីជំរុញសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។ លោកបានស្នើឲ្យលោកប្រធាន Pallab Sengupta និងសមាជិកក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងបន្តគាំទ្រ VUFO ក្នុងសកម្មភាពជំរុញសន្តិភាព មិត្តភាព។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Pallab Sengupta បានអះអាងថា ស្មារតីអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការតស៊ូយុត្តិធម៌ដណ្ដើមឯករាជ្យជាតិ បានបំផុសគំនិតដល់ប្រជាជនស្រឡាញ់សន្តិភាពនៅលើពិភពលោក ក្នុងនោះមានឥណ្ឌាផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការជាក់លាក់មួយចំនួននាពេលខាងមុខរវាង VUFOនិងក្រុមប្រឹក្សាសន្តិភាពពិភពលោកជាពិសេសគឺនាប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលវៀតណាមរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនផងដែរ៕