អគ្គនាយក IAEA លោក Grossi ឡើងសម្លេងអំពីការផ្ទុះយន្តហោះដ្រូននៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា បន្ទាប់ពីបានទទួលដំណឹងអំពីការផ្ទុះយន្តហោះដ្រូននៅក្នុងតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia លោក Rafael Mariano Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអំពាវនាវឱ្យភាគីជម្លោះនានាមានភាពអត់ធ្មត់ មិនធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃរោងចក្រនេះ។
លោក Rafael Mariano Grossi អគ្គនាយក IAEA។ រូបថត៖ Ria Novosti |
មុននោះ យោងតាមព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាននៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីថ្ងៃទី៧ ខែមេសា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់ សំដៅទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia រួមទាំងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលេខ ៥ និងលេខ ៦ ហើយបានបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស។
អគ្គក្រុមហ៊ុនថាមពលនុយក្លេអ៊ែរសហព័ន្ធរុស្ស៊ីបានហៅការវាយប្រហារដោយយន្តហោះដ្រូនទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាប្រការដែលមិនធ្លាប់មានពីមុនមក ហើយបានអំពាវនាវឱ្យថ្នាក់ដឹកនាំ IAEA និងបណ្តាប្រទេសសហភាពអឺរ៉ុប (EU) មានការឆ្លើយតបយ៉ងសមស្រប៕