អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងទៅបំពេញទស្សនកិច្ចនៅអាស៊ី
(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Stephane Dujarric នៅថ្ងៃទី២ ខែសីហា បានឲ្យដឹងថា អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres នឹងចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅទ្វីបអាស៊ី ទៅកាន់ប្រទេសជប៉ុន ម៉ុងហ្គោលី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២ -៤ ខែសីហា។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ (ប្រភព៖ AFP) |
យោងតាមកាលវិភាគ លោកអគ្គលេខាធិការ Guterres នៅថ្ងៃទី៤ ខែសីហា នឹងចាកចេញពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទៅកាន់ប្រទេសជប៉ុន។ នៅទីនេះ លោក Guterres នឹងចូលរួមការរំលឹកពិធីសន្តិភាពនៅទីក្រុង Hiroshima (ហ៊ីរ៉ូស៊ីម៉ា) ហើយនឹងជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមន្ត្រីជាន់ខ្ពស់ជប៉ុនមួយចំនួនទៀត។ លោក Guterres ក៏នឹងជួបពិភាក្សាជាមួយក្រុមអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima និង Nagasaki (ណាហ្គាសាគី) ក៏ដូចជាចូលរួមកិច្ចសន្ទនាជាមួយសកម្មជនវ័យក្មេង ដែលដឹកនាំគំនិតផ្តួចផ្តើមស្តីពីការរំសាយអាវុធ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបញ្ហាសកលផ្សេងៗទៀត។
បន្ទាប់ពីជប៉ុន អគ្គលេខាធិការអ.ស.ប នឹងបានធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមក្នុងពិធីដាំដើមឈើនៅរដ្ឋធានី Ulan Bator ដើម្បីទទួលស្គាល់គំនិតផ្តួចផ្តើមដាំដើមឈើមួយពាន់លានដើម នៅត្រឹមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងការសឹករីករាលបរិស្ថាន។ លើសពីនេះទៅទៀត លោកនឹងអញ្ជើញចុះសួរសុខទុក្ខគ្រួសារពនេចរមួយ និងស្វែងយល់អំពីរបៀបរស់នៅរបស់ពួកគេ។
ដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់កូរ៉េខាងត្បូងនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែសីហា៕