អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី អៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង
(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA) |
ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៩ ខែកញ្ញាដោយបញ្ជាក់ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឺម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី អៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៧ ខែតុលា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៍មានមុនដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ស៊ើន បានឲ្យដឹងថា ដំណើរទស្សនកិច្ចគឺសំដៅអះអាងជាថ្មីម្តងទៀតនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ការធ្វើពិពិធកម្ម ការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ព្រមទាំងបង្ហាញនូវការគោរពខ្ពស់របស់បក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - ម៉ុងហ្គោលី ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យវៀតណាម - អៀរឡង់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង និងគោលបំណងចង់លើកកំពស់និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវក្របខណ្ឌសហប្រតិបត្តិការឱ្យសមស្របតាមស្ថានភាពថ្មី និងផលប្រយោជន៍របស់ប្រទេសនានា។
ក្នុងនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី មានអត្ថន័យសំខាន់ពិសេស នៅពេលដែលធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី៧០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្រាប់ប្រទេសអៀរឡង់ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់តាំងពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងការទូត។
សម្រាប់ប្រទេសបារាំង ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏នឹងផ្លាស់ប្តូរវិធានការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងដល់កម្រិតថ្មីមួយ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចសហប្រតិបត្តិការប្រពៃណីហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ៕