អង្គការសហប្រជាជាតិ​ចំណាយ​ថវិកា ​២០​លាន​ដុល្លារ ជាបន្ទាន់ ​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ការពារ​ប្រជាជន

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសអំពីការចំណាយថវិការ២០លានដុល្លារអាមេរិក ពីមូលនិធិជួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ សម្រាប់ការងារជួយសង្គ្រោះនៅប្រទេសអ៊ុយក្រែន។
អង្គការសហប្រជាជាតិ​ចំណាយ​ថវិកា ​២០​លាន​ដុល្លារ ជាបន្ទាន់ ​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ការពារ​ប្រជាជន - ảnh 1រូបថត៖ AFP/TTXVN

ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យរុស្ស៊ីជៀសវាងការរំលោភបំពានគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោក Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយឧបត្ថម្ភអ្នកដែលត្រូវការជំនួយ ហើយបានសង្កត់ធ្ងន់ថា កិច្ចការពារប្រជាជនគួរតែជាអាទិភាពកំពូលក្នុងស្ថានភាពបច្ចុប្បន្ន។

នាថ្ងៃដដែល ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdulla Shahid ក៏បានចេញសេចក្តីប្រកាសធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយឈរលើគោលការណ៍សមភាពនៃអធិបតេយ្យភាព ហើយអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដោះស្រាយជម្លោះនិងវិវាទ តាមរយៈសន្តិវិធី។ លោក Shahid បានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារ កាត់បន្ថយភាពតានតឹង ហើយវិលត្រលប់ទៅរកកិច្ចសន្ទនា និងចរចាការទូតវិញ។

អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន លោកស្រី Osnat Lubrani បានបញ្ជាក់ពីការប្តេជ្ញា ប្រកៀកស្មាគ្នាជាមួយប្រជាជនអ៊ុយក្រែន តាមនោះបុគ្គលិកមនុស្សធម៌របស់អង្គការសហប្រជាជាតិមានវត្តមាននៅមូលដ្ឋាន ដើម្បីគាំទ្រប្រជាជនតាមដែលអាចធ្វើទៅបាន។

នាយកមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine Russell ក៏បានអំពាវនាវឱ្យភាគីទាំងអស់គោរពកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ការពារកុមារ និងធានាឱ្យបុគ្គលិកមនុស្សធម៌អាចចូលក្នុងមូលដ្ឋានប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ដើម្បីជួយកុមារទាំងអស់ដែលត្រូវការជំនួយ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន ដោយអំពាវនាវឱ្យប្រទេសក្នុងតំបន់ ជួយប្រជាជនដែលត្រូវការទីកន្លែងជ្រកកោនបណ្តោះអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ