អង្គការអន្តរជាតិនានាជួយ​ឧបត្ថម្ភវៀតណាមក្នុងការ​ដោះស្រាយ​​ផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី

(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅវៀតណាមបានប្រគល់ជូនក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនូវសម្ភារប្រើប្រាស់ក្នុងគ្រួសារចំនួន ៧០០ កញ្ចប់ សម្រាប់ផ្គត់ផ្គង់ដល់សហគមន៍ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គី ក្នុងខេត្ត Yen Bai។
អង្គការអន្តរជាតិនានាជួយ​ឧបត្ថម្ភវៀតណាមក្នុងការ​ដោះស្រាយ​​ផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី - ảnh 1UNDP បានប្រគល់ជូននូវសម្ភារប្រើប្រាស់ក្នុងគ្រួសារចំនួន ៧០០ កញ្ចប់ សម្រាប់ផ្គត់ផ្គង់ដល់សហគមន៍ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គី ក្នុងខេត្ត Yen Bai។ រូបថត៖ UNDP

កញ្ចប់សម្ភារប្រើប្រាស់ក្នុងគ្រួសាររួមមាន៖ ធុងទឹក ស្បែកជើងកវែងកៅស៊ូសម្រាប់មនុស្សពេញវ័យ និងកុមារ ភួយ ថ្នាំពេទ្យ និងរបស់របរចាំបាច់ផ្សេងៗទៀត។ តំណាង UNDP ប្រចាំនៅវៀតណាម លោកស្រី Ramla Khalidi បានឲ្យដឹងថា UNDP កោតសរសើរចំពោះការដឹកនាំយ៉ាងប្តូរផ្តាច់និងឆាប់រហ័សរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងគ្រោះមហន្តរាយនេះ ជាពិសេសក្នុងការសម្របសម្រួលសកម្មភាពជួយសង្គ្រោះ  ធានាសុវត្ថិភាព និងភាពធន់របស់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ។ UNDP ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមធ្វើការវាយតម្លៃតម្រូវការពហុវិស័យ និងការជួយសង្គ្រោះបន្ទាន់ ក៏ដូចជាការរៀបចំផែនការសម្រាប់ការស្តារឡើងវិញ និងកសាងភាពធន់រយៈពេលវែង។

អង្គការអន្តរជាតិនានាជួយ​ឧបត្ថម្ភវៀតណាមក្នុងការ​ដោះស្រាយ​​ផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី - ảnh 2WHO បានផ្តល់ថ្នាំសម្លាប់មេរោគក្នុងទឹក ចំនួនមួយលានគ្រាប់ ដល់ក្រសួងសុខាភិបាលវៀតណាម ។ រូបថត៖ WHO

នាថ្ងៃដដែល អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាមួយនឹងថ្នាំសម្លាប់មេរោគក្នុងទឹកចំនួនមួយលានគ្រាប់ និងធុងទឹកចំនួន ៥០០ ដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយបណ្តាខេត្ត ក្រុងរបស់វៀតណាមដោះស្រាយផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី។ ក្នុងពិធីទទួលជំនួយនៅទីក្រុងហាណូយ តំណាង WHO បានឲ្យដឹងថា  ថ្នាំសម្លាប់មេរោគចំនួន ១លានគ្រាប់ នឹងជួយបន្សុតទឹកស្អាតប្រមាណ ១៥លានលីត្រ ដើម្បីជួយធានាប្រភពទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្នុងប៉ុន្មានថ្ងៃខាងមុខសម្រាប់ក្រុមគ្រួសារនិងមូលដ្ឋានពេទ្យនានា។ នៅថ្ងៃដដែលនោះ ថ្នាំនិងធុងទឹកត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយព្យុះទីហ្វុងយ៉ាហ្គី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ