អង្គការអន្តរជាតិនានាយកចិត្តទុកដាក់ពិសេសដល់ខ្លឹមសារក្នុងឯកសារនៃមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - ការសម្រេចចិត្តទាក់ទងនឹងគោលនយោបាយកិច្ចការបរទេស ការអភិវឌ្ឍប្រកបដោយចីរភាព និងវប្បធម៌ដែលត្រូវបានបង្ហាញនៅក្នុងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានទាក់ទាញការយកចិត្តទុកដាក់ពីអង្គការអន្តរជាតិធំៗជាច្រើន។
រូបថតឧទាហរណ៍៖ VNA |
ដោយវាយតម្លៃពីការសម្រេចចិត្តទាក់ទងនឹងគោលនយោបាយកិច្ចការបរទេស ក៏ដូចជាបញ្ហាភ្ជាប់នឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម បានធ្វើអត្ថាធិប្បាយថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ វៀតណាមបានបង្ហាញពីសមត្ថភាពរឹងមាំក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច និងរក្សាគន្លងអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍។ លោកបានវាយតម្លៃថា វៀតណាមមិនត្រឹមតែមានការរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកែទម្រង់តាមរបៀបដែលអាចធ្វើឱ្យកំណើននោះកាន់តែមានភាពធន់ នវានុវត្តន៍ និងទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែងទៀតផង។ លោកឯកអគ្គរដ្ឋទូត Julien Guerrier បានបញ្ជាក់ថា កំណើនជាង ៨% របស់
វៀតណាមក្នុងឆ្នាំមុន "គឺជាសញ្ញាដ៏រឹងមាំនៃភាពស្វាហាប់ និងទំនុកចិត្ត ព្រមទាំងបង្ហាញថា វៀតណាមនៅតែជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវសេដ្ឋកិច្ចដ៏រស់រវើកបំផុតនៅក្នុងតំបន់"។
ទាក់ទងនឹងខ្លឹមសារស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមសម្រេចបានវឌ្ឍនភាពដ៏អស្ចារ្យ ចាប់ពីការកាត់បន្ថយភាពក្រីក្រ រហូតដល់ការរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ និងការអភិវឌ្ឍមនុស្ស។ លោកស្រីចាត់ទុកថា ប្រការដែលពិតជាបំផុសគំនិតដល់រឿងរ៉ាវរបស់វៀតណាមមិនមែនគ្រាន់តែជាតួរលេខនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តដើម្បីធានាថា កំណើននាំមកនូវជីវភាពកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ នេះគឺជាការសន្យាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ដែលយកមនុស្សធ្វើជាចំណុចកណ្ដាល កាត់បន្ថយវិសមភាព និងពង្រឹងស្ថាប័ន។
នៅក្នុងវិស័យវប្បធម៌ ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំប្រទេសវៀតណាម លោក Jonathan Wallace Baker បានវាយតម្លៃថា នៅក្នុងសេចក្តីព្រាងឯកសារសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម វប្បធម៌ និងបេតិកភណ្ឌកាន់តែត្រូវបានទទួលស្គាល់ជាផ្នែកសំខាន់មួយនៃវិធីសាស្រ្តអភិក្រមទូទៅរបស់វៀតណាមចំពោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។ ពីទស្សនៈរបស់អង្គការយូណេស្កូ តម្លៃវប្បធម៌ និងបេតិកភណ្ឌអាចរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់ឋានៈសកលរបស់ប្រទេសមួយ ហើយវៀតណាមកំពុងបំពេញកិច្ចការនេះយ៉ាងល្អបំផុត៕