អង់គ្លេសប្រកាសកាលបរិច្ឆេទដែលកិច្ចព្រមព្រៀងចូលរួម CPTPP នឹងចូលជាធរមានជាផ្លូវការ
(VOVWORLD) - តំណាងរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី ២៩ ខែសីហា បានប្រកាសថាកិច្ចព្រមព្រៀងចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានសច្ចាប័នគ្រប់គ្រាន់របស់បណ្តាប្រទេស តាមបទប្បញ្ញត្តិ។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃដដែល រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម លោក Douglas Alexander បានអះអាងថា នេះជាដំណឹងល្អសម្រាប់ធុរកិច្ចអង់គ្លេស ដែលកំពុងខិតជិតដល់គោលដៅទាញយកអត្ថប្រយោជន៍ពីឱកាសដែល CPTPP នាំមកជូន។ នៅពេលដែល CPTPP ចូលជាធរមាន ជាង ៩៩% នៃការនាំចេញរបស់ចក្រភពអង់គ្លេសនាបច្ចុប្បន្ន ទៅកាន់ប្រទេសសមាជិក CPTPP នឹងត្រូវបានលើកលែងពន្ធ ដែលត្រូវបានរំពឹងថា នឹងនាំមកដល់សេដ្ឋកិច្ចអង់គ្លេស នូវប្រាក់ចំណូលបន្ថែម ២ ពាន់លានផោនក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៤០។
កុងតឺន័រដឹកទំនិញត្រូវបានផ្ទុកនៅកំពង់ផែក្នុងទីក្រុង Felixstowe ប្រទេសអង់គ្លេស ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
មុននោះ អង់គ្លេសបានបញ្ចប់ការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀង CPTPP នៅខែមីនា ឆ្នាំ ២០២៣ និងបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងចូលជាសមាជិកក្នុងខែកក្កដា ឆ្នាំ ២០២៣។ ឯកសារចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ត្រូវការអនុម័តដោយសភាអង់គ្លេសនិងប្រទេសជាសមាជិកយ៉ាងហោចណាស់ ៦ ប្រទេសផ្សេងទៀត។ ប្រទេសប៉េរូ ជាប្រទេសទី៦ ដែលផ្តល់សច្ចាប័នលើឯកសារនេះ បន្ទាប់ពីប្រទេសជប៉ុន សិង្ហបុរី ឈីលី នូវែលសេឡង់ និងវៀតណាម៕