អ្នកជំនាញអន្តរជាតិ៖ វៀតណាមស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅលើពិភពលោកទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍ខាងមុខ
(VOVWORLD) - វៀតណាមនឹងមានកំណើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងទស្សវត្សរ៍ខាងមុខ នៅពេលពង្រឹងឋានៈជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ នេះជាការវាយតម្លៃដែលអ្នកជំនាញអន្តរជាតិជាច្រើនបានលើកឡើងនាពេលថ្មីៗនេះ។
ជាក់ស្តែង យោងតាមការវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិសកល New World Wealth (NWW) ដែលចេញផ្សាយដោយកាសែត CNBC កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប្រទេសវៀតណាមនឹងមានកំណើនទ្រព្យសម្បត្តិ រហូតដល់ ១២៥% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះជាកំណើនទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសណាមួយ បើគិតពីអត្រាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ និងចំនួនមហាសេដ្ឋី។
ក្នុងការវាយតម្លៃជាប្រចាំលើសេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក៏បានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍កំណើនសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិរបស់វៀតណាម ដោយធ្វើអត្ថាធិប្បាយថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាច្រើន វៀតណាមបានឈរជើងដោយជោគជ័យនៅក្នុងខ្សែសង្វាក់តម្លៃសកល។ នាយក AFD ប្រចាំនៅវៀតណាម លោក Herve Conan បានមានប្រសាសន៍ថា៖ “វៀតណាមបានទទួលជោគជ័យក្នុងការរក្សាអត្រាកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាអតិផរណាខ្ពស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកបានជះឥទ្ធិពលដល់ការនាំចូលទំនិញរបស់វៀតណាមក៏ដោយ។ នៅក្នុងការវាយតម្លៃម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់បីឆ្នាំម្តង ដែលធ្វើឡើងតាំងពីដើមឆ្នាំមុន AFD បានកត់សម្គាល់ពីស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសង្គមរបស់វៀតណាម ក៏ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន និងកំណើនសេដ្ឋកិច្ចខ្ពស់។ ទំហំនៃទីផ្សារក្នុងស្រុកដែលមានប្រជាជន ១០០លាននាក់ក៏ជាអត្ថប្រយោជន៍ដែលមិនអាចប្រកែកបានរបស់វៀតណាមក្នុងការទាក់ទាញក្រុមហ៊ុនបរទេស»។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច និងជាអនុប្រធានធនាគារ Maybank (ម៉ាឡេស៊ី) លោក Brian Lee បានឲ្យដឹងថា កំណើនរបស់វៀតណាមត្រូវបានជំរុញដោយដំណើរការឧស្សាហូបនីយកម្មដែលផ្តោតលើការនាំចេញ ហើយវៀតណាមកំពុងប្រឈមមុខនឹងរលកទី ៤ នៃការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹងឱកាសជាច្រើន។៕