អ៊ីរ៉ង់បាន​យល់ព្រម ភ្ជាប់កាមេរ៉ាឃ្លាំមើលនុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមីនា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមក្នុងការតភ្ជាប់ឡើងវិញនូវកាមេរ៉ាឃ្លាំមើលនៅកន្លែងនុយក្លេអ៊ែរមួយចំនួន និងបង្កើនល្បឿននៃការងារត្រួតពិនិត្យ។ លោក Rafael Grossi បានមានកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាជាមួយមន្ត្រីអ៊ីរ៉ង់នៅរដ្ឋធានី Tehran ។
អ៊ីរ៉ង់បាន​យល់ព្រម ភ្ជាប់កាមេរ៉ាឃ្លាំមើលនុយក្លេអ៊ែរឡើងវិញ - ảnh 1រូបភាពពីផ្កាយរណប នៃរោងចក្រនុយក្លេអ៊ែរមួយនៅអ៊ីរ៉ង់។ (រូបថត៖ AFP/TTXVN)

យោងតាមលោក Rafael Grossi ប្រការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងបរិបទដែលភាគីនានាឆ្ពោះទៅរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយ ក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមានឈ្មោះផ្លូវការថា ជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ លោក Rafael Grossi ក៏បានសម្តែងការពេញចិត្តចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tehran និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់ និង IAEA គួរតែបន្តកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់។

ទន្ទឹមនឹងនោះ រីឯខាងភាគីអ៊ីរ៉ង់វិញ លោកប្រធានាធិបតី Ebrahim Raisi បានបង្ហាញក្តីសង្ឃឹមថា IAEA នឹងមិនរងផលប៉ះពាល់ពីមហាអំណាចធំៗឡើយ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែមីនាជាមួយលោក Rafael Grossi ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក៏បានលើកឡើងពីការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវេជ្ជសាស្រ្ត ដោយកត់សម្គាល់ថា បច្ចេកវិទ្យានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ