ផ្ទាំងគំនូរឃោសនាការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ​ទីក្រុង​ហាណូយ

(VOVWORLD) - បណ្ដាជញ្ជាំងចាស់ៗដែលដុះស្លែ នៅតាមដងវិថីជាច្រើននៅទីក្រុងហាណូយត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយផ្ទាំងគំនូរលើកទឹកចិត្ត ឃោសនាអំពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ 
ផ្ទាំងគំនូរឃោសនាការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ​ទីក្រុង​ហាណូយ - ảnh 1ទាំងគំនូរឃោសនាការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហាណូយ (រូបថត៖ baovanhoa.vn)

នេះក៏ជារបៀបដែលវិចិត្រករវ័យក្មេង Nguyen Manh Quang បានចូលរួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមគ្នារុញថយក្រោយជំងឹរាតត្បាតកូវីដ ១៩។ អស់រយៈពេលជាងមួយសប្តាហ៍ហើយ ក្នុងអាកាសធាតុដ៏ក្ដៅស្អុះស្អាប់ក្នុងរដូវក្ដៅនោះ នៅតាមវិថី Phu Xa ខ័ណ្ឌ Tay Ho ទីក្រុងហាណូយនោះ ក្រុមវិចិត្រករវ័យក្មេងនៅតែខិតខំព្យាយាមគូរគំនូរលើជញ្ជាំង សំដៅលើកទឹកចិត្ត ឃោសនាការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ នេះគឺជាគម្រោងសហគមន៍របស់វិចិត្រករវ័យក្មេង Nguyen Manh Quang ដែលបានអនុវត្តន៍នៅលើជញ្ជាំងនៅតាមផ្លូវបែកជាបួនធំៗ ដែលមានមនុស្សធ្វើដំណើរទៅមកយ៉ាងច្រើនកុះករ។ លោក Nguyen Manh Quang បានឲ្យដឹងថា៖ “កាលពីមុន ខ្ញុំតែងតែទៅរៃអង្គាសចំណីអាហារ និងសម្លៀកបំពាក់ ដើម្បីផ្ញើជូនកុមារនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ នាបច្ចុប្បន្ននេះ ខ្ញុំមានបំណងចង់ធ្វើអ្វីដែលមានអត្ថន័យ និងយូរអង្វែងជាងមុន ដូច្នេះហើយ ខ្ញុំមានគំនិតផ្ដួចផ្ដើមគូរគំនូរនៅលើជញ្ជាំង។ ប្រសិនបើ ខ្ញុំបានគូរគំនូរនៅលើជញ្ជាំងនៅខ័ណ្ឌទាំង ១២ នៅទីក្រុងហាណូយប្រកបដោយជោគជ័យគឺ សកម្មភាពនេះនឹងបានរីកសុះសាយនៅទូទាំងប្រទេស”។

បណ្ដាជញ្ជាំងត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មីអំពីរូបភាពបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ពាក្យស្លោក 5K របស់ក្រសួងខុសភិបាល ពាក្យតបស្នងសងគុណ ថ្លែងអំណរគុនដល់កម្លាំងនៅខ្សែប្រយុទ្ធជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Chu Nha វិចិត្រករម្នាក់ ដែលបានចូលរួមគម្រោងនេះបានឲ្យដឹងថា៖ “ប្រការនេះពិតជាមានអត្ថន័យណាស់។ នៅពេល លោក Quang បានបង្កើតគម្រោងអំពីសហគមន៍នេះ ខ្ញុំបានចូលរួមគាំទ្រ ដើម្បីលើកទឹកចិត្ត ដល់ប្រជាជនទាំងមូល បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចំពោះគម្រោងនេះផងដែរ”។

លើសពីនេះទៅទៀត គម្រោងនេះក៏ទទួលបានការគាំទ្ររបស់ប្រជាជនទីក្រុង ព្រោះថា ផ្ទាំងគំនូរនៅលើជញ្ជាំងទាំងនេះមិនត្រឹមតែជួយប្រជាជនលើកកម្ពស់ការយល់ដឹងអំពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យទីក្រុងហាណូយកាន់តែស្រស់បំព្រងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ