សហគមន៍អន្តរជាតិរួមដៃគ្នាឧបត្ថម្ភទួរគីនិងស៊ីរី ជំនះផលវិបាកនៃការរញ្ជួយដី

(VOVWORLD) - ប្រទេសអារ៉ាប់រួមមាន លីបង់ អេមីរ៉ាតអារ៉ាប់រួម (UAE) និងអេហ្ស៊ីប កំពុងរួមគ្នា ខិតខំប្រឹងប្រែងដើម្បីឧបត្ថម្ភដល់ជនរងគ្រោះនៅក្នុងប្រទេសស៊ីរីនិងទួរគី បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីបានបង្កការខូចខាតយ៉ាងធំធេងលើមនុស្សនិងទ្រព្យសម្បត្តិ កាលពីថ្ងៃទី ៦ ខែកុម្ភៈ។
សហគមន៍អន្តរជាតិរួមដៃគ្នាឧបត្ថម្ភទួរគីនិងស៊ីរី ជំនះផលវិបាកនៃការរញ្ជួយដី - ảnh 1ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅខេត្ត Kahramanmaras ប្រទេសតួកគី ថ្ងៃទី៧ កុម្ភៈ ។ (រូបថត៖ Getty Image )។

កងទ័ពលីបង់បាននិយាយថា ខ្លួននឹងបញ្ជូនវិស្វករចំនួន ៣៥ នាក់ទៅកាន់ស៊ីរី និងទួរគី ដើម្បីជួយការងារសង្គ្រោះនៅក្នុងប្រទេសទាំងពីរនេះ។ កងកម្លាំងការពារជនស៊ីវិលលីបង់ក៏កំពុងបញ្ជូនអង្គភាពជំនាញដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងប្រទេសស៊ីរីនិងទួរគី ខណៈដែល អឌ្ឍចន្ទក្រហមលីបង់នឹងបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសទាំងពីរ។

រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថា ខ្លួននឹងបញ្ជូនជើងហោះហើរសង្គ្រោះចំនួនប្រាំពីរ ដែលដឹកក្រុមស្វែងរកនិងជួយសង្គ្រោះ ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងប្រទេសទួរគីនិងស៊ីរី។ លើសពីនេះ UAE ក៏បានបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នមួយនៅក្នុងប្រទេសទួរគី ដើម្បីបម្រើការព្យាបាលប្រជាជននៅ Kahramanmaras ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី និងទីក្រុង Gaziantep មានចម្ងាយ ៨០ គីឡូម៉ែត្រ។

ក្នុងពេលជាមួយគ្នានោះ អេហ្ស៊ីបបានប្រកាសថា ខ្លួននឹងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់ទួរគី និងស៊ីរីផងដែរ។

រួមជាមួយបណ្តាប្រទេសអារ៉ាប់ ប្រទេសជាច្រើនជុំវិញពិភពលោកក៏កំពុងជួយដល់ទួរគី និងស៊ីរីយ៉ាងសកម្ម ក្នុងការងារសង្គ្រោះ។

កាលពីម្សិលមិញ   តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បានឲ្យដឹងថា នៅជើងទី១ ប្រទេសនេះនឹងផ្តល់ជំនួយចំនួន ៤០ លានយន់ (៥.៩ លានដុល្លារអាមេរិក) ជាជំនួយសង្គ្រោះបន្ទាន់សម្រាប់ទួរគី។ ចិនក៏កំពុងសម្របសម្រួលការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ស៊ីរីនិងពន្លឿនកម្មវិធីជំនួយស្បៀងអាហារ។

រដ្ឋាភិបាលហ្វាំងឡង់កាលពីម្សិលមិញបានឲ្យដឹងថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌ដែលមានតម្លៃ ១ លានអឺរ៉ូទៅកាន់ប្រទេសទួរគី និងស៊ីរី តាមរយៈសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC)។ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា ខ្លួននឹងបញ្ជូនបន្ថែម ៣០ លានក្រូណាស៊ុយអែត (ប្រហែល ២,៨ លានដុល្លារអាមេរិក) ទៅកាន់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ