អបអរសាទរខួប ២៥ នៃអ៊ីនធឺណែត៖ ក្រោយរយៈពេល ២៥ឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតនៅវៀតណាមឈានដល់ជាង ៧០% នៃចំនួនប្រជាជន

(VOVWORLD) - ធនធានអ៊ីនធឺណែតរបស់វៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំង រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍របស់អ៊ីនធឺណែតនៅវៀតណាម ហើយនឹងរួមចំណែកជំរុញដំណើរការផ្លាស់ប្តូរឌីជីថលនាពេលខាងមុខ។
នេះជាការវាយតម្លៃរបស់អ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលចូលរួមក្នុងកម្មវិធី “រយៈពេល ២៥ ឆ្នាំនៃកម្មវិធីអ៊ីនធឺណែតវៀតណាម” និងខួបលើកទី ១១ នៃ “ទិវាអ៊ីនធឺណែតវៀតណាម” ដែលរៀបចំដោយសមាគមអ៊ីនធឺណែតវៀតណាម និងនាយកដ្ឋានទូរគមនាគមន៍ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រៀបចំឡើងនាថ្ងៃ ៧ ធ្នូ នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបើកដំណើរការសេវាអ៊ីនធឺណែតនៅវៀតណាម (១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៧) ដើម្បីឆ្លើយតប និងបន្តនៃទិវាផ្លាស់ប្តូរឌីជីថលជាតិ (១០ តុលា)។

យោងតាមស្ថិតិរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយដែលបានប្រកាសនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅក្នុងប្រទេសវៀតណាមមានប្រហែល ៧០ លាននាក់ ស្មើនឹង ៧០% នៃចំនួនប្រជាជនរបស់ប្រទេសជាតិទាំងមូល។ ជាមួយនឹងចំនួននេះ វៀតណាមគឺជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតច្រើនជាងគេ លំដាប់ទី ១២ នៅទូទាំងពិភពលោក និងទី ៦ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ៣៥ នៅអាស៊ី។ បច្ចុប្បន្ននេះ ឈ្មោះដែន ".vn" គឺជាឈ្មោះដែនជាតិដែលមានចំនួនអ្នកប្រើប្រាស់ចុះឈ្មោះច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់លេខ ១០ នៅអាស៊ី-ប៉ាស៊ីហ្វិក។ របាយការណ៍ e-Conomy SEA ២០២២ របស់ Google ដែលបានចេញផ្សាយនៅចុងខែតុលា បានបញ្ជាក់ថា វៀតណាមនឹងដឹកនាំសេដ្ឋកិច្ចអ៊ីនធឺណែតនៅអាស៊ីអាគ្នេយ៍។ លោក Vu Hoang Lien ប្រធានសមាគមអ៊ិនធឺណែតវៀតណាមបានសង្កត់ធ្ងន់ថា៖“ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍអ៊ីនធឺណែតរបស់វៀតណាមគឺគួរឲ្យកត់សម្គាល់ខ្លាំងណាស់។  ជាមួយនឹងលក្ខណៈពិសេសលេចធ្លោនៃអ៊ីនធឺណែត វៀតណាមបានអភិវឌ្ឍយ៉ាងពេញលេញ។  អាចមើលឃើញថា អ៊ីនធឺណែតបាននាំមកនូវឱកាស និងការផ្លាស់ប្តូរថ្មីរបស់វៀតណាម។ ប្រការដែលជាក់ស្តែងបំផុតនោះគឺការផ្លាស់ប្តូរសង្គម ពោលគឺ៖ គំរូសេវាកម្ម និងកម្មវិធីនៅលើអ៊ីនធឺណែតនាំមកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវប្បធម៌ក៏ដូចជាជាចំណេះដឹងសម្រាប់វៀតណាម”។

ក៏នៅក្នុងព្រឹត្តិការណ៍ “ទិវាអ៊ីនធឺណែតឆ្នាំ ២០២២” មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម (VNNIC) បានប្រកាសរបាយការណ៍ធនធានអ៊ីនធឺណែតវៀតណាមឆ្នាំ ២០២២ ដោយប្រធានបទ “រយៈពេល ២៥ ឆ្នាំនៃអ៊ីនធឺណិតវៀតណាម”។

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ ត្រូវបានកំណត់ថាជាការចាប់ផ្តើមនៃប្រវត្តិ សាស្រ្តអ៊ីនធឺណែតរបស់វៀតណាម។ នាពេលនោះ នៅទីស្នាក់ការនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមគណៈកម្មាធិការសម្របសម្រួលជាតិលើអ៊ីនធឺណែតវៀតណាម អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិ ដើម្បីប្រកាសអំពីការតភ្ជាប់អ៊ីនធឺណែតជាសកលរបស់ វៀតណាម   ការបង្ហាញបច្ចេកទេស ការប្រកាសឯកសារច្បាប់និងគោលនយោបាយគ្រប់គ្រងសេវាអ៊ីនធឺណិតនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ